(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអាចម៌កុក ភូមិព្រែករាំង១ និងភូមិព្រែករាំង២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នេះ បានលើកគ្នាមកកាន់វត្តខ្ពបអណ្តែត ហៅវត្តក្រប៉ៅ ដើម្បីតវ៉ាសុំឲ្យព្រះសង្ឃព្រះនាម ញឹម ខេមរៈ ជាគ្រូសូត្រស្តាំគង់នៅវត្តខាងលើ និមន្តចេញពីវត្ត ពីព្រោះតែព្រះអង្គបានប្រព្រឹត្តខុសធម៌វិន័យ។
ប្រព្រឹត្តធម៌វិន័យនោះ ត្រូវប្រជាពលរដ្ឋអះអាងថា ព្រះអង្គបានឲ្យក្មេងស្រីជំទង់ៗ ចេញចូលក្នុងកុដិទាំងថ្ងៃ ទាំងយប់ដោយស្ងាត់ៗ និងម្យ៉ាងវិញទៀតប្រើទង្វើមិនល្អ សង្ឃដីការគំរោះគំរើយដាក់ពួកគាត់ និងគណៈកម្មការវត្តចាស់ៗ ព្រមទាំងមិនឲ្យពួកគាត់ចូលវត្តទៀតផង។ ប្រជាពលរដ្ឋ ដែលលើកគ្នាមកតវ៉ានេះ បានប្រាប់ភ្នាក់ងារ Fresh News ថា រយះពេលជាង២ឆ្នាំហើយ ក្រោយពីពួកគាត់ដឹងថា កុដិព្រះសង្ឃព្រះនាម ញឹម ខេមរៈ ត្រូវបានក្មេងស្រីជំទង់ៗ ចេញចូលដោយស្ងាត់ៗនោះ ពួកគាត់បានហៅព្រះអង្គ ឲ្យធ្វើកិច្ចសន្យាកែប្រែចំពោះសកម្មភាពទាំងនេះ ប៉ុន្តែព្រះអង្គមិនបានកែប្រែនោះទេ ផ្ទុយទៅវិញកាន់តែគឃ្លើនថែមទៀត រហូតប្រើសង្ឃដីការបណ្តេញពួកគាត់ជាពុទ្ធបរិស័ទមិនឲ្យចូលវត្តទៀតផង។
ពលរដ្ឋបានបន្តថា សមិទ្ធផលនានានៅក្នុងវត្តកើតឡើងដោយសារពីរៃអង្គាសធ្វើបុណ្យផ្កា ឬបុណ្យនានា ហើយពួកគាត់ក៏ចូលរួមផងដែរ ចំណែកព្រះគ្រូសូត្រស្តាំ មិនបានមកជួយវត្តឲ្យរីកចំរើនអ្វីឡើយ គឺមានតែមកបង្កភាពអនាធិតេយ្យ បង្អាប់បង្អោនកិត្តិយសវត្តប៉ះពាល់ ព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
ដោយសារតែព្រះអង្គនៅតែបន្តសកម្មភាពបែបនេះ ទើបនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ពួកគាត់បានលើកគ្នាមកកាន់ទីធ្លាវត្ត ដើម្បីតវ៉ាសូមឲ្យព្រះគ្រូសូត្រស្តាំនិមន្តចេញពីវត្ត ដើម្បីឲ្យពួកគាត់យកវត្តធ្វើបុណ្យធ្វើទានផង។ ពួកគាត់បានបញ្ជាក់ថា «ព្រះសង្ឃអង្គនេះប្រព្រឹត្តខុសច្រើនណាស់ រហូតពួកគាត់មិនអាចអនុគ្រោះ បានទេហើយក៏មិនមានការសម្របសម្រួល ដាច់ខាតត្រូវតែនិមន្តចេញពីវត្ត»។
សូមបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋលើកគ្នាមកតវ៉ា និងសូមឲ្យព្រះគ្រូសូត្រស្តាំ និមន្តចេញពីវត្តនោះ អាជ្ញាធរឃុំបានមកអន្តរាគមន៍ និងនិមន្តព្រះសង្ឃអង្គនេះ មកកាន់វត្តក្រពើហាក្រុងតាខ្មៅ ដើម្បីឲ្យព្រះអធិការវត្តក្រពើហារ ជួយដោះស្រាយ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ ឬព្រះចៅអធិវត្តក្រពើហា នឹងជួយដោះស្រាយជូនពួកគាត់ ដើម្បីឲ្យពួកបានធ្វើបុណ្យទានដោយសុខស្រួលផង។ ទាក់ទិន និងការចោទប្រកាន់ របស់ប្រជាពុទ្ធបរិស័ទខាងលើនេះ ព្រះតេជគុណ ញឹម ខេមរៈ មានសង្ឃដីកាច្រានចោលការចោទប្រកាន់ទាំងនោះភ្លាមៗ។
លោកអង្គធ្លាប់ មានសង្ឃដីកាថា «នេះជារឿងមិនពិតទេ ក្មេងៗដែលអាត្មាយកមកចិញ្ចឹមនោះ គឺសុទ្ធតែជាកូនកំព្រា គ្មានទីពឹងទាំងស្រី ទាំងប្រុស ហើយបានបង្ហាត់បង្រៀនឲ្យលាយសាប៊ូលាងចាន ដើម្បីទុកជាទុនសម្រាប់ប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងទៅថ្ងៃក្រោយ ម្យ៉ាងវិញទៀតក្មេងៗ ទាំងអស់បានចំណេះទៀតផង ចំណែកវត្តចំណេញមិនចាំបាច់ទិញគេ អាចប្រើប្រាស់បោកខោអាវ បោកស្បង់ជីវរបានផងដែរ»៕