(ភ្នំពេញ)៖ លោក កែវ វិបុល ប្រធានសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ស្ថិតនៅក្នុងភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ លើទំហំផ្ទៃដី ចំនួន៥,២០៤ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមានប្រជាជនរស់នៅរហូតដល់១,១១៣គ្រួសារ។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងដីព្រៃសហគមន៍ លោក កែវ វិបុល បានបញ្ជាក់ថា៖ «យើងមិនធ្វេសប្រហែសបន្តិចណានោះទេ ចំពោះការដើរល្បាត ទោះមិនមានលុយចាក់សាំង និងមធ្យោបាយក៏ត្រូវតែបំពេញនេះជាឆន្ទៈការរបស់យើងការពារព្រៃរបស់យើង មានន័យថា មិនថាថ្ងៃ ឬយប់នោះទេនោះម៉ោងណាក៏ត្រូវមកគឺមកល្បាត យើងមិនអាចប្រហែសបានទេ ទាក់ទងទៅនឹងការការពារអភិរក្សធនធានធម្មជាតិតាមរយៈការល្បាតទប់ស្កាត់បទល្មើសបំផ្លាញព្រៃ»។
ប្រធានសហគមន៍រូបនេះបានបន្តថា កន្លងមកសហគមន៍បានចូលរួមពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ការធ្វើផ្លូវភ្លើងជុំវិញតំបន់ព្រៃសហគមន៍ ការបណ្តុះដាំស្តារព្រៃឈើដើម្បី បង្កើនគម្របបៃតង និងការរៀបចំឱ្យសមាជិកមានជីវភាពផ្លាស់ប្តូរពីការពឹងអាស្រ័យលើព្រៃឈើ ងាកមកចាប់យកមុខរបរថ្មីដូចជា៖ ការដាំដុះបន្លែលក្ខណៈគ្រួសារ ការបង្កើតជាក្រុមសន្សំ និងការបើកហាងកាហ្វេ សហគមន៍ជាដើម ។មុខរបរថ្មីបន្ថែមនេះ កំពុងទាញបានចំណូលយ៉ាងប្រសើរដល់សហគមន៍។
ជាមួយគ្នានេះដែរ លោក កែវ វិបុល ក៏បានគូសបញ្ជាក់ថា ការគោរពប្រកាន់អបិយជំនឿរបស់ប្រជាជននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានចូលរួមអភិរក្សព្រៃធម្មជាតិ និងបន្តដល់មនុស្សជំនាន់ក្រោយបានដឹង ខណៈអបិយជំនឿនេះត្រូវបានអ្នកភូមិថា ពូកែស័ក្តសិទ្ធិ រហូតដល់ធ្វើឱ្យមនុស្សប្រមាថមើលងាយស្លាប់បាត់បង់ជីវិត។
លោក កែវ វិបុល បានឱ្យដឹថា ការប្រារព្ធពិធីនៅពេលនេះគឺស្ថិតនៅក្នុងតំបន់អភិរក្សស្ថិតនៅក្នុងភូមិអូតាកួយ ដែលជាភូមិប្រវត្តិសាស្ត្រមួយមានអាយុ កាលរាប់រយឆ្នាំមកហើយ ដោយកាលពីដើមមានអ្នកភូមិមករស់នៅដោយមានសង់ផ្ទះបែបអ្នកសច្ចំ ប៉ុន្តែ ក្រោយមកក៏ភូមិនេះរលាយបាត់ដោយឯងតែម្តង។ «ប្រជាពលរដ្ឋគាត់បានដឹងហើយថា នៅតំបន់នេះគឺបើបាត់បង់កន្លែងនេះពួកគាត់អត់មានសេចក្តីសុខ គាត់យល់ថាការអភិរក្សទាំងអបិយជំនឿ អភិរក្សទាំងធនធានធម្មជាតិទឹកដីព្រៃឈើ អភិរក្សទាំងប្រវត្តិ សាស្ត្របុរាណ អញ្ចឹងហើយខ្ញុំក៏សប្បាយជាមួយចាស់ព្រឹទ្ធាចារ្យ»។
ប្រធានសហគមន៍រូបនេះ បានឱ្យដឹងថា ការធ្វើពិធីឡើងអ្នកតានេះ ក៏បានបង្ហាញថាប្រជាពលរដ្ឋមានការយល់ដឹង និងដឹងថាតំបន់នេះជាតំបន់អភិរក្សដោយគ្មានអ្នកណាអាចមកធ្វើការទន្ទ្រានយកនោះទេ។
សម្រាប់លោក តាទួន ក៏ដូចជាអ្នកភូមិបានបញ្ជាក់ថា៖ «ពួកយើងខ្ញុំធ្វើពិធីនេះ ក៏ដើម្បីចង់ឱ្យព្រៃឈើ យើងបានស្ថិតស្ថិរនៅគ្រប់ជំនាន់ ដល់កូនចៅជំនាន់ក្រោយ។« ...» ព្រោះជិតអស់ព្រៃហើយ អីញ្ចឹងយើងខ្ញុំសូមដល់អស់លោក ជួយថែរក្សាព្រៃឱ្យបានគង់វង្សយូរអង្វែងតទៅ»។
បើតាមប្រជាជនដែលចូលរួមនៅក្នុងពិធីឡើងអ្នកតា បានឱ្យដឹងថា ពួកគាត់ចង់ថែរក្សាការពារធនធានធម្មជាតិនៅតបន់នេះមិនបាត់បង់នោះទេ ដោយសារតំបន់នេះអាចជួយចូលរួមចំណែកក្នុងលើកកម្ពស់ប្រជាជពលរដ្ឋតាមរយៈការដើររកធនធានធម្មជាតិ ដូចជា៖ ជ័រ ផ្លែឈើ ផ្សិត ដើម្បីយកមកលក់ទទួលបានថវិការផ្គត់ផ្គង់ជីវប្រចាំថ្ងៃ៕