(ភ្នំពេញ)៖ សពនារី២នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ដោយនារីម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា ត្រូវគេសម្លាប់ និងម្នាក់ទៀតសង្ស័យគាំងបេះដូង ខណៈកំពុងរួមរ័ក្សជាមួយសង្សារបស់នាង។
ករណីទី១ បានកើតឡើងនៅសណ្ឋាគារ «មេគង្គហេងមហាផល» តាមបណ្ដោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងករណីទី២ កើតឡើងនៅម៉ោង១១៖៣០នាទី នៅចំណុចផ្ទះសំណាក់យីហោ «អូយេស» នៅមុខវត្តនាគវ័ន្ត បន្ទប់C20 ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សម្រាប់ករណីនៅផ្ទះសំណាក់ អូយេស ត្រូវបានលោក កាន់ វណ្ណៈ នាយនគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ បានបញ្ជាក់ថា «វាជាអំពើឃាតកម្ម តែយើងមិនទាន់ស្គាល់អត្តសញ្ញាណនារីរងគ្រោះ និងជនសង្ស័យនៅឡើយទេ ខណៈយើងកំពុងធ្វើការស្រាវជ្រាវនៅឡើយ»។
សន្តិសុខយាមនៅផ្ទះសំណាក់ខាងលើលោក កុសល បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤៖៤០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មានបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៌ខ្មៅជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រង រួចក៏ឡើងទៅបន្ទុប់កើតហេតុបាត់ទៅ។ លោកបន្តថា លុះដល់វេលាម៉ោង៥ល្ងាច ស្រាប់តែឃើញនារីរងគ្រោះអាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌុបមិនចាំម៉ាកមកឈប់មុខផ្ទះសំណាក់ រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត។
សន្តិសុខរូបនោះបានបន្តទៀតថា នៅវេលាម៉ោង១១ព្រឹកថ្ងៃនេះ នារីម្នាក់ឈ្មោះ ស្រី នាង ដែលជាអ្នកបោសសំអាតបន្ទុប់បានទៅគោះទ្វារហៅភ្ញៀវ តែមិនការឆ្លើយតប ក៏នាំគ្នាទៅយកសោបន្ទប់ចាក់មើល ស្រាប់តែឃើញនារីរងគ្រោះ បានដេកស្លាប់បាត់ទៅហើយទាំងខ្លួនអាក្រាតកាយ និងមានឈាមប្រឡាក់លើពូកទៀតផង រួចក៏រាយការណ៍ប្រាប់សមត្តកិច្ចតែម្ដង។ ដោយឡែកនៅព្រឹកមិញ ស្ត្រីបម្រើការងារខារ៉ាអូខេម្នាក់ បានគាំងបេះដូង ដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីរួមភេទជាមួយគូរស្នេហ៍ក្នុងសណ្ឋាគារ «មេគង្គ ហេងមហាផល»។
មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះទុំ គឹមហ៊ឺ អាយុ២៥ឆ្នាំ មុខរបរបម្រើការងារខារ៉ាអូខេ៧២ នៅម្តុំដំបូកខ្ពស់ និងមានស្រុកកំណើតនៅ ភូមិព្រែកបុក ឃុំព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកដៃគូរកំណាន់មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ខណៈអ្នកខ្លះថា ជាមន្រ្តីអាវុធហត្ថ។ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះ និងបុរសជាគូស្នេហ៍មានការទំនាក់ទំនងស្នេហានឹងគ្នា ទើបឈានដល់ការណាត់ជួបគ្នាមករួមភេទរហូតគាំងបេះដូង។
បន្ទាប់ពីគាំងបេះដូង នារីរងគ្រោះ ត្រូវបានគេដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែដោយអាការៈក្នុងសារស្ថានភាពធ្ងន់ធ្ងរ នារីរង គ្រោះបានដាច់ខ្យល់ស្លាប់ ក្រោយបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដងទៅ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការនិងកម្លាំងជំនាញ នៃការិយាល័យចក្ខុកោសល្យវិច្ច័យ បានចុះត្រួតពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយវាយតម្លៃថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ ដោយសារគាំង បេះដូងពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕