(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយអញ្ជើញ ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក និង ក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ។
សេចចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានខ្លឹមសារថា សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.) ជាលើកចុងក្រោយ ដើម្បីចូលជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។ កន្លងមក ក.ប.ទ. ធ្លាប់បានអញ្ជើញក្រុមហ៊ុនជាលាយលក្ខណ៍អក្សរចំនួនបីលើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបតាមការអញ្ជើញរបស់ ក.ប.ទ. ឡើយ។ ដូចនេះ ក.ប.ទ. សម្រេចទុករយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវទំនាក់ទំនងមកក្រុមការងារ ក.ប.ទ. តាមរយៈលេខទូរសព្ទ ០១២ ៧១៣ ៧១៤។
ក្រសួងសង្កត់ធ្ងន់ថា ក្នុងករណី លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេច មិនបានទំនាក់ទំនងដើម្បីចូលជួបពិភាក្សាជាមួយក្រុមការងារ ក.ប.ទ. តាមកាលកំណត់ខាងលើ ដើម្បីផ្តល់សក្ខីកម្មអំពីវឌ្ឍនភាពដំណើរការអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យឱ្យបានច្បាស់លាស់ ក.ប.ទ. នឹងចាត់វិធានការលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដោយឥតលក្ខខណ្ឌ៕