(បាត់ដំបង)៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយធំមួយ ដែលមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់នៅក្នុងខេត្តបាត់ដំបង ដើម្ម្បីពន្លឿនការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុង ខេត្តនេះ។
យុទ្ធនាការនេះមានគោលបំណងផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, រួមជាមួយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
លោក ហែម វណ្ណឌី បានលើកឡើងថា៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។
លោកបានពន្យល់ពីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងថាការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានសេវាគាំទ្រសំខាន់ៗ រួមទាំងការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម សេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តធំមួយរបស់កម្ពុជាដែលមានប្រជាជនប្រមាណ ១,៤ លានអ្នក ហើយក៏មានអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនដែរ។
លោកបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្វែងយល់អំពីអត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីសម្រួលដល់ការចុះឈ្មោះឱ្យមានភាពងាយស្រួល និងសាមញ្ញ ។ ថ្នាលនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងជំនួយបញ្ញាសប្បនិម្មិតសម្រាប់ចាប់យកទិន្នន័យពីអត្តសញ្ញាណប័ណ្ណ, ថ្នាល CamDigiKey សម្រាប់កំណត់សុវត្ថិភាពនៃអត្តសញ្ញាណ, ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx), និងថ្នាល verify.gov.kh សម្រាប់ការផ្ទៀងផ្ទាត់និន្ន័យជាដើម។
បន្ទាប់ពីយុទ្ធនាការលើកទី១ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
គិតត្រឹមថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលនេះទទួលពាក្យសុំចុះឈ្មោះចំនួន ១៨.៥២២ សំណើ ដោយក្នុងនោះ ភូមិសាស្ត្ររាជធានីភ្នំពេញទទួលបានពាក្យស្នើសុំច្រើនជាងគេ។ ខេត្តបាត់ដំបងស្ថិតក្នុងចំណាត់ថ្នាក់ទី១១ ដោយទទួលបានពាក្យស្នើសុំចំនួន ៣៩៤ សំណើហើយយុទ្ធនាការថ្ងៃនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តឱ្យបានកាន់តែច្រើន។
លោក ហែម វណ្ណឌី បានស្នើឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត បន្តជំរុញផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានទូលំទូលាយដល់មូលដ្ឋានភូមិ ឃុំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងអត្ថប្រយោជន៍ ព្រមទាំងពង្រីកការចុះឈ្មោះនៅទូទាំងប្រទេស។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមានធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ,កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕