(ស្ទឹងត្រែង)៖ លោក ហម វុទ្ធី ជំនួយការលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះត្រួតពិនិត្យតម្រាយផ្លូវជាមួយលោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលនឹងចុះទស្សនកិច្ចតាមខ្សែព្រំដែនកម្ពុជា-ឡាវ នាពេលខាងមុខ ហើយនឹងចុះទៅដល់អគារមរតកសង្គមរាស្រ្តនិយមសម្ដេចឪ-សម្ដេចម៉ែបុរីអូរស្វាយសែនជ័យផងដែរ។
លោក លី មីណា បានដឹកនាំប្រតិភូចូលទស្សនានៅស្ដូបព្រះបរមឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ និងអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ បុរីអូរស្វាយសែនជ័យ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សូមគូសបញ្ជាក់ថា ស្រុកបុរីអូរស្វាយសែនជ័យ គឺជានិគមន៍ជនមួយដែលជាស្នាព្រះហស្តបន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម និងបានបង្កើតជារដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដោយអនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា។
បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា របស់រដ្ឋបាលស្រុក និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឱ្យអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈមូលនិធិអភិវឌ្ឍន៍ស្រុក និងឃុំ យើងសម្រេចបានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទាំងរូបវន្ត និងអរូបវន្ត ការកសាង និងការសាងសង់ថ្មី ការតភ្ជាប់ផ្លូវថ្នល់ ស្ពាន លូ ពីតំបន់ទីប្រជុំជនស្រុក ឃុំទៅកាន់តំបន់នានាក្នុងស្រុក ការកសាងអគារសាធារណៈជាច្រើនបានលេចចេញជារូបរាងឡើង ឆ្លើយតបទាន់ពេលវេលា និងបានបម្រើដល់ការផ្ដល់សេវាសង្គម និងសេវាសាធារណៈកាន់តែមានភាពប្រសើរឡើង ព្រមទាំងដោះស្រាយបានទាន់ពេលវេលា រាល់សំណើ សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដោយបានកាត់បន្ថយភាពក្រីក្រ និងមានកំណើនសេដ្ឋកិច្ចកើនឡើងគួរឱ្យកត់សម្គាល់៕