(តាកែវ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តតាកែវ សហការជាមួយក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ អប់រំសុខភាព និងពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតាចំនួន ៥០នាក់ នៅមណ្ឌលសុខភាពពត់សរ ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងក្រុមការងារ ព្រមទាំងមានយុវជនកាកបាទក្រហមកម្ពុជា ១៨នាក់ ដែលជានិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតាចំនួន ៥០នាក់។

ជាមួយនឹងសារអប់រំសុខភាព និងការពិនិត្យផ្ទៃពោះ ស្ត្រីជាមាតាទាំង៥០នាក់ ក៏ទទួលបានអំណោយក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោធំ១,­ ក្រមា១, សារុង១,­ ភួយ១, មុង១, សាប៊ូដុំ ២ដុំ និងថវិកា ២ម៉ឺនរៀលផងដែរ។ ដោយឡែក និស្សិត ទាំង១៨នាក់ ទទួលបានប័ណ្ណសរសើរពី កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥នេះផងដែរ លោកស្រី ម៉ែន នារីសោភ័គ និងក្រុមការងារបានបន្តចុះសួរសុខទុក្ខ ក៏បានបន្ដដំណើរចុះអប់រំផ្សព្វផ្សាយពីសារអប់រំសុខភាពដល់ស្ត្រីមានកូនតូចចំនួន ២០គ្រួសារ រស់នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ជាមួយនឹងការទទួលបានសារអប់រំសុខភាព ស្ត្រីជាមាតាទាំង ២០នាក់ ក៏ទទួលបានអំណោយក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោធំ១,­ ក្រមា១, សារុង១,­ ភួយ១, មុង១, សាប៊ូដុំ ២ដុំ និងថវិកា ២ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ លោកស្រីបានប​ន្ដចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង និងជនពិការ ចំនួន ១៨គ្រួសារ រស់នៅឃុំពត់សរ និងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ក្រមា សារុង មុង ភួយ) ១កញ្ចប់, និងថវិកា ៥ម៉ឺនរៀល៕