(ព្រៃវែង)៖ លោក សួន សុម៉ាលីន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានឱ្យដឹងថា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាប្រមុខដឹកនាំប្រកបដោយវីរភាព អង់អាច ឈ្លាសវៃ និងភាពប៉ិនប្រសប់ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ និងការទទួលខុសត្រូវខ្ពស់ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ក្នុងបេសកកម្មថែរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់យុវជនថ្នាក់កណ្តាល ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខដឹកនាំ លោក សួន សុម៉ាលីន ក្នុងនាមក្រុមការងារយុវជនគណបក្សខេត្ត និងយុវជនគណបក្សខេត្តទាំងមូល បានប្តេជ្ញាចិត្តដូចតទៅគាំទ្រដោយឥតងាករេចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានប្ដេជ្ញាគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។ លោកបានប្ដេជ្ញា
បេជ្ញាគោរពឲ្យបានដាច់ខាតនូវលក្ខន្តិកៈ គោលការណ៍ បទបញ្ជា របស់គណបក្សប្រជាជនកម្ពុជា គាំទ្រនិងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យទទួលបានជោគជ័យ។

លោកបានប្ដេជ្ញាជំរុញកំណើនសេដ្ឋកិច្ចរបស់គ្រួសារប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការធ្វើពិពិធកម្មកសិកម្មដំណាំស្រូវ។ ចូលរួមដោះស្រាយរាល់សំណើសំណូមពររបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានអោយអស់ពីសមត្ថភាព។ ចូលរួមថែរក្សាការពារ និងអភិវឌ្ឍបន្ថែមនូវរាល់សមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុក និងបន្ត ចូលរួមរាល់សកម្មភាពមនុស្សធម៌ និងសង្គម ដើម្បីលើកស្ទួយសុខដុមនីយកម្ម និងរក្សាបាននូវសុខសន្តិភាព ដែលបានមកដោយសារការពលី បូជាសាច់ស្រស់ ឈាមស្រស់ នៃបុព្វបុរស និងវីរបុរសរបស់គណបក្ស ប្រជាជនកម្ពុជា។

លោកបានប្ដេជ្ញាបន្តថែរក្សា អប់រំបំពាក់បំប៉នដល់យុវជនបន្តវេន ដែលជាក្តីសង្ឃឹមនាពេលអនាគតរបស់គណបក្ស និងប្រទេសជាតិ ឲ្យទទួលបានការអប់រំបណ្តុះបណ្តាល ប្រកបដោយសីលធម៌ល្អ មានវិន័យ ដែលអាចជាកម្លាំងចលករប្រកបដោយសក្តានុពល នាពេលអនាគតជូនគណបក្ស ប្រទេសជាតិ និងប្រជាជន ដើម្បីរួមចំណែកបម្រើសង្គមជាតិ ថែរក្សាកេរដំណែល វប្បធម៌ដ៏ល្អផូរផង់របស់គណបក្ស និងផ្សព្វផ្សាយកៀគរយុវជនឲ្យគាំទ្រ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឲ្យបានរឹងមាំ៕