(សៀមរាប)៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសាធារណជន និងភ្ញៀវទេសចរ។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងសត្វឆ្នាំទាំង១២ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។
លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅរបស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ មានតុក្កតាយក្សចំនួន៩ធំៗ ដែលជាតួអង្គនៅក្នុងរឿងទេវកថា និងរាមកេរ្តិ៍។ ក្នុងនោះដែរ មាន៖ ១- ទេពមច្ឆា, ២- គ្រុឌ, ៣- ហនុមាន (រចនាបទ បន្ទាយស្រី), ៤- នាគ (រចនាបទ បាយ័ន), ៥- តោ (រចនាបទ សំបូរព្រៃគុ), ៦- ព្រះគណេស, ៧- នាងកន្នរី, ៨- មករ និង៩- អាសុរ (រចនាបទ បាយ័ន) ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ ដែលមកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ចូលរួមផងដែរ។
លោកបន្តថា ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ធ្វើឡើងក្នុងន័យលើកស្ទួយសិល្បៈបែបសូន្យរូប ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានឃើញនឹងស្គាល់ពីរូបសំណាក់បុគ្គលល្បីៗ ឬរូបសត្វកម្រៗជាច្រើន ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ដែលកំពុងតែទទួលរងគ្រោះទាំងនោះ ព្រមទាំងបង្ហាញអំពីការរួបរួមសាមគ្គីគ្នារវាងកុមារៗជាច្រើននាក់ មកពីសាលារៀន ឬអង្គការដៃគូរមួយចំនួន ក្រោមការដឹកនាំរបស់ក្រុមសិល្បៈករ។
លោកបានបន្តថា ព្រឹត្តិការណ៍មួយឆ្នាំមានម្ដងនេះ នឹងជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ ហើយក៏សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រួមនឹងសាធារណជនទូទៅ សូមចូលរួមជួយគាំទ្រ ដើម្បីលើកទឹកចិត្ដដល់ប្អូនៗកុមារ ដែលបានចូលរួមក្នុងការងារនេះ។
លោក អ៊ុន សាវ៉ាន់ បន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១៥ហើយ ដែលគម្រោងដំឡើង និងដង្ហែរតុកុតាយក្សជាប្រចាំឆ្នាំ ដោយមានការចូលរួមនិងគាំទ្រ ពីសំណាក់វិស័យឯកជន និងប្រជាពលរដ្ឋ ទើបព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សប្រចាំឆ្នាំនេះកើតមានឡើង។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥នេះ មានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ ក្នុងមាន៖ ក្រុមសម្លេងនៃអង្គរ (បុរសលេងព័ទ), ឆៃយ៉ាំ, ក្រុមស្គរដៃ(តន្ត្រីស្គរដៃ), ហ្វារ ល្ខោនសៀកកម្ពុជា, ក្រុមតន្ត្រីសាលាបឋមសិក្សាវត្តរាជបូណ៌, ក្រុមតន្ត្រីកាយរឹទ្ធខេត្តសៀមរាប, ក្រុមមេធា (ស្ត្រីស្គរដៃ) និងក្រុមតន្ត្រីសម័យចូលរួមផងដែរ៕