(កណ្ដាល)៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោក ហង់ ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោក ហង់ ថុល និងក្រុមគ្រួសារ។

លោក ហង់ ថុល បានថ្លែងថា «ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំបាទនិងក្រុមគ្រួសារដល់លំនៅដ្ឋាន»

លោក និងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារ យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗបន្តទៀត ក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើន ដែលលោកធ្លាប់បានឆ្លងកាត់កន្លងមកដូចជាបំរើការងារជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនី នៃក្រសួងការបរទេស ទីប្រឹក្សាសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា។

អនុប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បច្ចុប្បន្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ប្រធានប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនលោក ហង់ ថុល និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់ថែរក្សា លោកនិងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន មានជន្មាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕