(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមកីឡាករអុំទូក-ង មានឈ្មោះ «តេជោសែនជ័យ» ចំនួន៤នាក់ រួមមាន ប្រធានក្រុម អ្នកកាន់ក្បាលទូក និងអ្នកអុំទូក២នាក់ទៀត បានទៅសុំមន្រ្តីបច្ចេកទេស នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ស្រាវជ្រាវរក Video ថ្ងៃប្រគល់ប្រាក់រង្វាន់ពីលោកបណ្ឌិត ងួន ញ៉ឹល អនុប្រធានទី២ រដ្ឋសភា ពីព្រោះពួកគេ មិនបានឡើងទៅទទួលប្រាក់ចំនួន៥០០ដុល្លារផង ស្រាប់តែមានអ្នកឡើងទៅជំនួស យកប្រាក់រង្វាន់ទៅបាត់តែម្តង។
សូមបញ្ជាក់ថា ទូក-ង «តេជោសែនជ័យ» ខាងលើនេះ ជាទូកប្រណាំងផែនទី២ មានចំណុះ៨៥នាក់ មកពីវត្តក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចូលរួមប្រណាំងទូក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ក្នុងពិធីបុណ្យអុំទូក នៅខេត្តកំពង់ធំ។
លោក ខេន ខុម ប្រធានក្រុមកីឡាករអុំទូក-ង បានប្រាប់ភ្នាក់ងារ Fresh News ថា នៅព្រឹកមិញលោក និងអ្នកកាន់ក្បាលទូកមានឈ្មោះ សេង ហេង ព្រមទាំងអ្នកអុំទូក២នាក់ទៀត បានទៅសុំប្រធានមន្ទីរព័ត៌មានខេត្ត ឆែករូបភាព និងVideo ដែលបានផ្សាយបន្តផ្ទាល់កម្មវិធីនេះ ប៉ុន្តែប្រធានមន្ទីរបានប្រាប់តាមទូរស័ព្ទថា រឿងនេះយូរថ្ងៃហើយមិនដឹងទេ។
បន្ទាប់មក ពួកគាត់មិនអស់ចិត្ត ក៏បានទាក់ទងអ្នកបច្ចេកទេស ដើម្បីសុំមើលរូបភាព និងVideo នៃថ្ងៃប្រគល់រង្វាន់ចំនួន៥០០ដុល្លារនេះ តើនរណាម្នាក់ជាអ្នកឡើងទទួលប្រាក់នេះ ពីលោកបណ្ឌិត ងួន ញ៉ឹល ហើយយកទៅបាត់ ពីព្រោះលោកដែលជាប្រធានក្រុម និងអ្នកកាន់ក្បាលទឹកមិនបានឡើងយកនោះទេ។
លោកបានរំលឹករឿងនេះថា នៅថ្ងៃទទួលប្រាក់រង្វាន់នោះ ខាងគណៈកម្មការបានប្រកាសឈ្មោះទូក «តេជោសែនជ័យ» ឡើងទទួលប្រាក់រង្វាន់ ហើយពេលឮយ៉ាងដូច្នេះ លោកក៏បានប្រជ្រៀតឡើងទៅយកប្រាក់នោះ ប៉ុន្តែដោយពេលឡើងទៅដល់វេទិកា ស្រាប់តែលោកបណ្ឌិត ងួន ញ៉ឹល ប្រាប់ថា មានអ្នកតំណាងមកទទួលហើយ។ បន្ទាប់ពីដឹងថា មានអ្នកតំណាងមកទទួល លោកក៏ចុះមកវិញ ហើយក៏ទៅសួរគ្នីគ្នា គឺអ្នកកាន់ក្បាលទូក ស្រាប់តែគ្នាគាត់ឆ្លើយថា អត់ដឹងទេ។ ដូច្នេះមិនដឹងថា នរណាទៅឡើងយកជំនួសនោះឡើយ។
ប៉ុន្តែសម្រាប់ករណីនេះ បានធ្វើឲ្យក្រុមកីឡាករអុំទូកផ្សេងទៀត នៅតែមានការសង្ស័យមកលើលោកទាំង២នាក់ថា អាចយកលុយនេះដោយមិនចែកទៅឲ្យសមាជិកក្រម ទើបលោកបានសម្រេចមកមន្ទីរព័ត៌មានខេត្ត ដើម្បីសុំឆែកមើលរូបភាព និងVideo ចង់ដឹងតើនរណាម្នាក់បានឡើងទៅទទួលយកនោះ។
មន្រ្តីមន្ទីរព័ត៌មានម្នាក់បាននិយាយថា ក្រោយឆែកមើល Video ស្ទើរពេញមួយព្រឹកមក ស្រាប់តែពេលដល់កន្លែងដែលទទួលប្រាក់ពីលោកបណ្ឌិត ងួន ញ៉ឹល នោះអ្នកកាន់កាមេរ៉ាវីដេអូ ឆ្លៀតងាកទៅថតលោក ឈាង វុន ដែលបានអញ្ជើញចែកប្រាក់រង្វាន់នេះផងដែរ។ ប៉ុន្តែបើតាមប្រធានក្រុមកីឡាករអុំទូករូបនេះ ជាច្រើនឆ្នាំកន្លងទៅ មិនដែលមានរឿងនេះកើតឡើងនោះទេ ប៉ុន្តែស្រាប់តែលើកនេះបែរជាមានអ្នកលួចឡើងទៅយកទទួលយកទៅវិញ ពិតជារឿងដែសស្មានមិនដល់។ ក្រុមកីឡាករអុំទូកទាំងនេះ ក៏សុំផ្ញើសារនេះ ទៅលោកបណ្ឌិត ងួន ញ៉ឹល ផងថា ពួកគេមិនបានឡើងទទួលប្រាក់រង្វាន់ចំនួន៥០០ដុល្លារនោះទេ៕