(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ដូចជាប្រព័ន្ធបច្ចេកវិទ្យា AI ដែលគេយកមកប្រើជំនួសកម្លាំងមនុស្សជាដើម។ ជាមួយនឹងភាពរីកចម្រើនខាងបច្ចេកប្រជានេះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានផលិត «រ៉ូប៉តកាហ្វេ» លើកដំបូង សម្រាប់ប្រើប្រាស់ជំនួសកម្លាំងពលកម្មមនុស្ស។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិត រ៉ូប៉ូតកាហ្វេ ដែលអាចជំនួសកម្លាំងមនុស្សបាន ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏គ្រោងនឹងផលិតមនុស្សយន្តច្រើនថែមទៀត ដើម្បីបម្រើនៅក្នុងវិស័យឧស្សាហកម្មនាពេលខាងមុខ។
លោក គង់ វង្សប្រាកដ ជាគ្រូដឹកនាំនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា៖ រ៉ូបូតកាហ្វេនេះ នៅពេលដែលចាប់ផ្ដើបដំបូងនេះ គឺជាគំនិតផ្ដួចផ្ដើមនៅពេលដែលនិស្សិតធ្វើសារណា ក្នុងបរិញ្ញាបត្រជំនាញអគ្គិសនី ហើយពេលដែលចាប់ផ្ដើមដំបូងដោយគិតថា នេះជាចំណុចទាក់ទាញមួយ ដែលមានអត្ថប្រយោជន៍សម្រាប់ខ្លួនគាត់ផ្ទាល់ មុនពេលចាកចេញទៅធ្វើការនៅថ្ងៃក្រោយ ដូចជា សម្រាប់ទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា ដើម្បីអាចផលិតនៅសម្ភារៈទំនើបដែលអាចប្រើប្រាស់នៅលើទីផ្សារជាក់ស្ដែងបាន ហើយសង្ឃឹមថា ទៅថ្ងៃមុខអាចទាក់ទាញយុវជន ដែលចាប់អារម្មណ៍នូវការផលិត និងការបង្កើតនូវឧបករណ៍ប្រើប្រាស់ថ្មីៗ ដោយខ្លួនងបាន។
លោក គង់ វង្សប្រាកដ ក៏បានបន្ដថា ចំពោះសម្ភារៈនៅក្នុងរ៉ូបូតនេះ មួយចំនួនគឺទិញនៅក្នុងស្រុកផ្ទាល់តែម្ដង ជាពិសេសគឺគ្រឿងដែក ហើយមួយចំនួនគឺទិញមកពីក្រៅប្រទេស ចំពោះថវិកាក្នុងដំណាក់់កាលដំបូង រ៉ូបូតនេះ ចំណាយអស់ប្រហែលជាង ៩ពាន់ដុល្លា ប៉ុន្ដែនេះ គ្រាន់តែថា ថវិកានេះ គឺគិតទាំងធ្វើបណ្ដើរ នឹងខុសបណ្ដើរ ហើយសង្ឃឹមថា នៅពេលដែលផលិតលើកក្រោយ និងអាចកាត់បន្ថយការចំណាយឱ្យតិចជាងមុន។
អ្នកស្រាវជ្រាវរូបនេះ បានបញ្ជាក់ថា ជាក់ស្ដែងរ៉ូបូតនេះ បានយកទៅតាំងពិព័រណ៍ធំៗចំនួន៣ មានដូចជា នៅផ្សារទំនើបអ៉ីអន២, កោះពេជ្រ និងបុរីប៉េងហួតបឹងស្នោរ ក្រោមអធិបតិភាពរបស់ សម្ដេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ ហើយតាមរយៈការតាំងពិរព័ណ៍កន្លងមក ឃើញថា មានការចាប់អារម្មណ៍ជាច្រើនពីសាធារណៈជនទូទៅ។ ជាក់ស្ដែក ដូចជា ការតាំងពិរព័ណ៍នៅផ្សារទំនើបអ៊ីអន២ ក្នុងរយៈពេល៣ មានអ្នកជាវ រហូតទៅដល់ជិត១ ពាន់កែវ ហើយនេះគឺជាសមិ្ធតផលមួយ ដែលអាចនិយាយបានថា ទទួលបានជោគជ័យលើសពីការរំពឹងទុកទៅទៀត។
កញ្ញា មួន ចន្ទសុបញ្ញា ជានិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងថា នៅពេលដែលវិទ្យាស្ថានបានផលិតនូវសមិ្ធតផលថ្មី ដែលជា រ៉ូបូត កាហ្វេនេះ ពិតជាមានមោទភាព និងមានការរីករាយយ៉ាងខ្លាំង ដែលអាចយល់ដឹងអំពីការងារនាពេលបច្ចុប្បន្នដូចដែលពាក្យ ស្លោកបានលើកឡើងថា «ការសិក្សា ផ្សារភ្ជាប់ជាមួយ ការងារ» ហើយនាពេបច្ចុប្បន្នត្រូវការអ្វីខ្លះ។
ជាមួយគ្នានេះដែរ លោក អុល សុភារម្យ ជានិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានបន្ថែមថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ដជាខ្លាំង នៅពេលដែលឃើញវិទ្យាស្ថានខ្លួនឯង អាចបង្កើត និងផលិតនូវ រ៉ូបូតកាហ្វេបាន និងមានមោទភាពផងដែរ ហើយនេះក៏ជាបច្ចេកទេសមួយដែលជឿលឿន ដែលអាចជម្រុញដល់ការលក់កាហ្វេ នៅតាមសាធារណៈបានផងដែរ៕