(ភ្នំពេញ)៖ ផ្លូវថ្មើរជើង Walk Street ក្នុងសប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមឱ្យមានរបាំបុរាណ ការតាំងវត្ថុអនុស្សាវរីយ៍ចាបុីដងវែង ក្រុមគូរគំនូរ និងតាំងបង្ហាញ នៅមុខព្រះបុរមរាជាវាំងថែមទៀត។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើង Walk Street នាសប្តាហ៍ទី៤ ក្នុងរាត្រីថ្ងៃសៅរ៍នេះ អនុវត្តទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមនូវរបាំបុរាណ (សុវណ្ណមច្ឆា) ចាបុីដងវែង និងដាក់តាំងវត្ថុអនុស្សាវរីយ៍ចាបុី វង់ភ្លេងមហោរី (ច្រៀង និងរាំលេង) ផងដែរ។

ជាមួយគ្នានេះ យើងក៏បានរៀបចំឱ្យមានក្រុមគូរគំនូរ និងតាំងបង្ហាញនៅមុខព្រះបុរមរាជាវាំងថែមទៀត។ ចំណែកការរៀបចំគ្រប់យ៉ាងទៀត ដែលមានកាលពីសប្តាហ៍មុន គឺមានដដែល ដូចជាការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ការគូសគំនូរយកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈរាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ គូសគំនូរ និងផាត់ព័ណ៌ជាដើម។

ចំណែករដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង) ក៏នៅតែរក្សាតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការណ៍របស់រថយន្តក្រុងចំនួន ៣ខ្សែដដែល ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង។ ចំពោះការរៀបចំត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិក៏នៅបានរក្សាដដែលផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕