(ព្រះសីហនុ)៖ ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយបង្កើនសន្តិសុខ សុវត្ថិភាពជូនពួកគាត់ ក្រោយមានជនមិនស្គាល់មុខមួយក្រុមធំ បានធ្វើសកម្មភាពកាប់បំផ្លាញដុតផ្ទះ ព្រមទាំងកាប់ឲ្យមនុស្សរងរបួសធ្ងន់ស្រាល ចំនួន២នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរដា ភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
អ្នកស្រី ហេង វត្តី ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានឮសម្លេងក្រុមជនបង្កគោះជញ្ជាំងផ្ទះ ផូងផាំង ហើយស្រែកឲ្យចេញពីផ្ទះបើមិនចេញ ដុតផ្ទះចោល ភ្លាមនោះ។ ជនរងគ្រោះក៏ក្រោកឡើងក៏ស្រាប់តែឃើញភ្លើងឆេះផ្ទះអ្នកជិតខាងហើយក៏ចុះ ទៅមើលស្រាប់តែក្រុមទាំងនោះកាប់គាត់មួយកាំបិត បណ្តាលឲ្យរបួសត្រង់ក្បាល។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែដោយរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីពេទ្យភ្នំពេញ។
លោក ឈុំ ឡឺ ប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុ បានបញ្ជាក់ថា ពួកគាត់រស់នៅអាស្រ័យផលជាក់ស្តែង របស់ពួកគាត់កន្លងមក មានសុខសាន្តណាស់ តែដោយឡែកចាប់តាំងពីក្រុមការងារជំនាញសុរិយោដីខេត្ត បានចុះមកធ្វើការវាស់វែងចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងរងចាំការវិនិច្ឆ័យមកនោះ ស្រាប់តែមានបណ្ដឹងជំទាស់ដោយចោទពួកគាត់ថា បានមកទន្ទ្រានរស់នៅលើដីរបស់គេទៅវិញ ពេលនោះហើយដែលភាពអសន្តិសុខក៏ចាប់កើតមានមកមិនចេះចប់លើពួកគាត់ ដូចនៅយប់កើតហេតុនេះ។
យ៉ាងណាមិញ លោក សៀង សូលីណា អធិការក្រុងកំពង់សោម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះថា លោកនឹងសហការជានិច្ចដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលោកសូមឲ្យពលរដ្ឋរាយការណ៍បន្ទាន់ ប្រសិនបើមានសកម្មភាពក្មេងទំនើង សកម្មភាពផ្សេងៗ ដែលអាចបង្កឲ្យមានហិង្សាណាមួយ មកកាន់ក្រុមការងារប្រចាំការនៅអធិការក្រុង ដើម្បីកម្លាំងចុះទៅទីតាំងភ្លាមៗនៅក្នុងមូលដ្ឋាន។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីហិង្សាបង្កដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែល២០នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលវាយកាប់ និងដុតផ្ទះ ប្រជាពលរដ្ឋបណ្តាលឲ្យមានមនុស្សចំនួន២នាក់រងរបួស ក្នុងនោះមានឈ្មោះ សឿង សុភក្រ័ អាយុ៥៦ឆ្នាំ (មុខរបរយោធា) ស្នាក់នៅផ្ទះកើតហេតុរងបួសក្បាលធ្ងន់ ម្នាក់ទៀតឈ្មោះ ចាយ ចាន់ អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះចំណុចកើតហេតុរងរបួសស្រាល ទ្រព្យសម្បតិ្តខូចខាតរួមមាន៖ ឆេះផ្ទះចំនួន៤ខ្នង និងម៉ូតូ២គ្រឿង។
បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់សោម កំពុងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម និងប៉ុស្តិ៍រដ្ឋបាលសង្កាត់បិតត្រាំង ស្រាវជ្រាវស្វែងរកក្រុមមុខសញ្ញាបង្កដើម្បីយកមកអនុវត្តតាមនីតិវិធី៕