(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាម្ចាស់ផ្ទះ បាននឹងកំពុងរៀបចំកិច្ចប្រជុំលើកទី៧១ របស់គណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា (COST-71) កិច្ចប្រជុំក្រៅផ្លូវការលើកទី៩ ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (IAMMST-9) និងកិច្ចប្រជុំអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាមួយដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិជាដៃគូមួយចំនួន (រួមមានអាស៊ាន-អាមេរិក អាស៊ាន-ជប៉ុន អង្គការ UNCTAD ជាដើម) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Apsara Palace Resort and Conference Center ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បាននិងកំពុងប្រព្រឹត្តទៅ ដោយមានកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការជជែកពិភាក្សា អំពីការងារផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទៅតាមផ្នែក តាមជំនាញ និងតាមវិស័យ អាទិភាពរបស់អាស៊ាន។
នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មានកិច្ចប្រជុំអនុគណៈកម្មាធិការ ជំនាញចំនួន ៨ រួមមាន៖
១.កិច្ចប្រជុំលើកទី៤៨ របស់អនុគណៈកម្មាធិការ បច្ចេកវិទ្យាជីវៈសាស្រ្ត (Sub-Committee on Biotechnology-SCB-48)
២. កិច្ចប្រជុំលើកទី៤៩ របស់អនុគណៈកម្មាធិការ ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍធនធានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Sub-Committee on S&T Infrastructure and Human Resources Development-SCIRD-49)
៣.កិច្ចប្រជុំអនុគណៈកម្មាធិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាលំហសមុទ្រ (Sub-Committee on Marine Science and Technology-SCMSAT)
៤. កិច្ចប្រជុំលើកទី៤៦ របស់អនុគណៈកម្មាធិការ សម្ភារៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Sub-Committee on Material Science and Technology-SCMST-46)
៥. កិច្ចប្រជុំលើកទី៤៥ របស់អនុគណៈកម្មាធិការ មីក្រូអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន (Sub-Committee on Microelectronics and Information Technology-SCMIT-45)
៦. កិច្ចប្រជុំលើកទី៤៧ របស់អនុគណៈកម្មាធិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចំណីអាហារ (Sub-Committee on Food Science and Technology-SCFST-47)
៧. កិច្ចប្រជុំលើកទី៤៦ របស់អនុគណៈកម្មាធិការសិក្សាស្រាវជ្រាវ ថាមពលប្រកប ដោយចេរភាព (Sub-Committee on Non-Conventional Energy Research-SCSER-46)
៨. កិច្ចប្រជុំលើកទី២៧ របស់អនុគណៈកម្មាធិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងលំហ និងការអនុវត្ត (Sub-Committee on Space Technology and Applications-SCOSA-27) ។
ដោយឡែកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ រួមមាន កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាផ្តល់យោបល់ ដល់គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Board of Advisers to COST-BAC-2)។
សម្រាប់ទី២៦ ខែតុលា ឆ្នាំ២០១៦ មាន៖
ពិធីបើកកិច្ចប្រជុំលើកទី៧១ របស់គណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (COST-71) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ដំណើរការនៃកិច្ចប្រជុំនេះ ដឹកនាំដោយ លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលនឹងធ្វើការពិនិត្យ និងសម្រេចទៅលើលទ្ធផលទទួលបាន ពីកិច្ចប្រជុំអនុគណៈកម្មាធិការ ជំនាញទាំង៨ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងក្រុមប្រឹក្សាផ្តល់យោបល់ ដល់គណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លើកទី២ (BAC-2) និងពិនិត្យ សម្រេចការងារសេសសល់ ពីកិច្ចប្រជុំលើកមុន ។
នៅទី២៧ ខែតុលា ឆ្នាំ២០១៦ រួមមាន៖− កិច្ចប្រជុំរបស់គណៈកម្មការរៀបចំ សេចក្តីព្រាងលទ្ធផល នៃកិច្ចប្រជុំ COST-71
កិច្ចប្រជុំលើកទី៦ របស់ដៃគូប្រឹក្សា យោបល់អាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដឹកនាំដោយលោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការ អាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។
ទី២៨ ខែតុលា ឆ្នាំ២០១៦ មាន៖ កិច្ចប្រជុំលើកទី៧ របស់គណៈកម្មការកិច្ច សហប្រតិបត្តិការអាស៊ាន-ជប៉ុន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (AJCCST-7) ដឹកនាំដោយ លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។
ពិធីផ្តល់រង្វាន់ជ័យលាភី ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដល់ជ័យលាភីវ័យក្មេង និងស្រ្តី អ្នកស្រាវជ្រាវនៃប្រទេសសមាជិកអាស៊ាន ក្រោមអធិបតីភាពលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
ទី២៩ ខែតុលា ឆ្នាំ២០១៦ មាន៖ ពិធីបើក និងដំណើរការកិច្ចប្រជុំក្រៅផ្លូវការ លើកទី៩ ថ្នាក់រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (IAMMST-9) ក្រោមអធិបតីភាព លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ។
− កិច្ចប្រជុំទ្វេភាគីផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយលោក Hor. Datuk Seri Panglima Madius Tangau រដ្ឋមន្រ្តី ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃប្រទេសម៉ាឡេស៊ី ។
− កិច្ចប្រជុំទ្វេភាគីផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាង លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយ លោកបណ្ឌិត Dr. Pichet Durongkaveroj រដ្ឋមន្រ្តី ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យាប្រទេសថៃ៕