(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា «Cambodia Food Show» ដែលបានប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជា នាប្រទេសជប៉ុន។
ពិធីនេះ មានការអញ្ជើញចូលរួមដោយលោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន, លោក IMAMURA Masahiro អតីតសមាជិកសភាជប៉ុន, លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា, លោក Susumu Tai ទីប្រឹក្សាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាកុងស៊ុលកិត្តិយកម្ពុជាប្រចាំទីក្រុងសេនដៃ ព្រមទាំងភ្ញៀវកិត្តិយសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុនចូលរួម ប្រមាណ ១០០នាក់។
ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងជាអន្តរជាតិអំពីវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប និងកេរ្តិ៍ដំណែលនៃការធ្វើម្ហូបរាប់ពាន់ឆ្នាំរាប់មិនអស់ ជាមួយនឹងការបង្ហាញអំពីការធ្វើម្ហូប ពិព័រណ៍ផលិតផលខ្មែរ និងសិក្ខាសាលាផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកម្ពុជា ក្នុងទិសដៅចូលរួមលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងជំរុញទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។
បន្ថែមពីនេះ ពិព័រណ៍ម្ហូបអាហារកម្ពុជា បាននាំភ្ញៀវជប៉ុនឱ្យស្គាល់នូវសៀវភៅមុខម្ហូប «The Taste of Angkor» ដែលជាស្នាដៃរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបានឈ្នះពានរង្វាន់សៀវភៅធ្វើម្ហូបអាហារ Gourmand Cookbook Awards ពីរប្រភេទគឺ «Best Asian Cuisine Book» ពីរឆ្នាំជាប់គ្នា និង «Heads of State Food»។
បច្ចុប្បន្ននេះ កម្រងរូបមន្តក្នុងសៀវភៅធ្វើម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែររាប់ពាន់ឆ្នាំទៅជារូបមន្តជាក់ស្តែង ដើម្បីធ្វើមុខម្ហូបដែលយើងចូលចិត្តបំផុត ហើយវាក៏បង្ហាញពីទ្រព្យសម្បត្តិនៃមរតកម្ហូបខ្មែរដ៏មានតម្លៃសម្រាប់ចែករំលែកដល់មិត្តភ័ក្តិទូទាំងពិភពលោក។
តាមរយៈព្រឹត្តិការណ៍នេះដែរ ភ្ញៀវទាំងអស់ទទួលបាននូវបទពិសោធន៍សំខាន់ៗជាក់ស្ដែង រួមមានជាអាទិ៍៖
-ស្គាល់នូវផលិតផលសក្ដានុពលខ្មែរជាច្រើនមុខ ជាពិសេសអង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ជ្រក់ម្រេច ដំណាប់ស្វាយ ទឹកស្វាយ ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ ក្រម៉ាខ្មែរ ។ល។ ដែលត្រូវបានចូលរួមតាំងបង្ហាញពីក្រុមហ៊ុនជប៉ុន ដែលនាំចូល និងចែកចាយលក់ផលិតផលខ្មែរនៅប្រទេសជប៉ុន ចំនួន ៩ក្រុមហ៊ុន
-ស្វែងយល់ពីសក្តានុពលវប្បធម៌ខ្មែរ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអំពីវិស័យកសិ-ម្ហូបអាហាររបស់កម្ពុជា វប្បធម៌ ទេសចរណ៍ ព្រមទាំងករណីសិក្សានៃភាពជាដៃគូពាណិជ្ជកម្មកម្ពុជា-ជប៉ុន ដែលទទួលបានជោគជ័យក្នុងអាជីវកម្មម្ហូបអាហារ។
-ទស្សនាអំពីរបៀបចម្អិនម្ហូបអាហារខ្មែរ (Cooking Demonstration) រួមមាន អាម៉ុកត្រី ឡូកឡាក់សាច់គោ ញាំស្វាយខ្ចីស្កាឡុប ដែលធ្វើផ្ទាល់ដោយចុងភៅខ្មែរដ៏ល្បីមកពីភោជនីយដ្ឋានលម្អង ខេត្តសៀមរាប និងបានចម្អិនម្ហូបមួយចំនួនទៀតផងដែរសម្រាប់ភ្ញៀវភ្លក់រស់ជាតិ រួមមាន ញាំត្រយូងចេកសាច់មាន់ សម្លម្ជូរត្រយូងចេកសាច់មាន់ ឆាមាន់គល់ស្លឹកគ្រៃ ញាំតាំងហ៊ុន ឆាត្រប់សាច់ជ្រូក និងសង់ខ្យាល្ពៅ។
នាឱកាសនោះដែរ ស្ថានទូតក៏បានរៀបចំម្ហូបអាហារមួយចំនួនផងដែរ រួមមាន៖ នំបញ្ចុកសម្លខ្មែរ សម្លកកូរសាច់ជ្រូក សាច់គោអាំង នំអន្សម នំគម និងបង្អែមខ្មែរ។
ព្រឹត្តិការណ៍ខាងលើនេះ បង្កើតបាននូវបណ្ដាញធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងកម្ពុជានិងជប៉ុន រួមទាំងដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗនាពេលអនាគត។
ថ្លែងក្នុងឱកាសនោះ ឯកអគ្គរាជទូតកម្ពុជា បានសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងជប៉ុន ជាពិសេសការបន្តគាំទ្រ និងសហការរៀបចំនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។
លោកឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការទូតម្ហូបអាហារខ្មែរ និងផលិតផលខ្មែរ ក្នុងឱកាសនេះ ជាមួយនឹងការជំរុញឱ្យម្ចាស់ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍នេះ ដើម្បីឈានទៅដល់ការដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាទៅទស្សនានៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។
ជាមួយគ្នានោះ លោកក៏បានអញ្ជើញភ្ញៀវទាំងអស់ ទៅចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលមានវត្តមានរយៈពេល ៦ខែ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ផងដែរ៕