(សៀមរាប)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប។

លោក គិម វណ្ណៈ ប្រធានគណកម្មាធិការគណបក្ស ស្រុកសូទ្រនិគម បានអានមតិស្វាគមន៍ និងរបាយការណ៍សមិទ្ធិផលនានា ក្នុងស្រុកសូទ្រនិគម រួចមកលោក ល្យី សេរី ប្រធានស្នាក់ការគណបក្សប្រជាជនស្រុកសូទ្រនិគម បានអានសេចក្តីជូនដំណឹងស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដើម្បីជ្រួតជ្រាប និងបានណែនាំភារកិច្ចមួយចំនួន ស្ដីពីការងារគណបក្សជូនដល់សមាជិកអង្គពិធីបានជ្រាប។

លោកបណ្ឌិត សឹង សំណាង បានថ្លែងសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សភូមិ ឃុំ ស្រុក ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ច និងតាមតួនាទី ដែលគណបក្សបានប្រគល់ជូននាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ។

លោកបានលើកឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការ នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ជាពិសេសតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឲ្ហមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម ។

លោកបណ្ឌិត សឹង សំណាង បានផ្តាំផ្ញើសមាជិក សមាជិកាគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ បំពេញការងារជាអាទិភាព៖

*ទី១៖ ពង្រឹងការកសាងគណបក្សឃុំ ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥

*ទី២៖ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃ ក្នុងតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកឲ្យបានល្អ

*ទី៣៖ ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស ការងារចិញ្ចឹមចលនានៅមូលដ្ឋានគណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន របៀបរបបធ្វើការច្បាស់លាស់ និងបណ្ដុះបណ្ដាលតម្រង់ទិសវគ្គអប់រំនយោបាយទៅដល់សមាជិកបក្សឲ្យបានគ្រប់ៗគ្នា

*ទី៤៖ ពង្រឹងកម្លាំងសមាជិកគណបក្ស ពិសេសរក្សាចាស់ បង្កើនថ្មី

*ទី៥៖ ពង្រឹងបង្កើនសមាសភាពក្រុមការងារចុះមូលដ្ឋានតាមបណ្ដាភូមិ ឃុំ ដោយបន្តប្រជុំជីវភាពឲ្យបានច្បាស់លាស់

*ទី៦៖ ជំរុញការងារបន្តចិញ្ចឹមចលនាមូលដ្ឋានឡើងវិញ ឲ្យបានជាប់ជាប្រចាំដោយពូនជ្រុំថែទាំស្រោចទឹកដាក់ជី

*ទី៧៖ ខិតខំប្រឹងប្រែងអូសទាញកម្លាំងពីខាងក្រៅឲ្យចូលរួមក្នុងគ្រួសារគណបក្ស បន្តការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធទាំងដីរដ្ឋ និងដីឯកជនឲ្យឆាប់បានចប់សព្វគ្រប់ ជំរុញការផ្ដល់កម្មសិទ្ធិដីជូនប្រជាជនដើម្បីធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី។

លោកបានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សស្រុក គណបក្សឃុំ បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្តការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជានិងបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសវាយបកយ៉ាងសកម្មទៅលើការបំផុសព័ត៌មានបំផ្លើស ការអុជអាល ពីពួកប្រឆាំងអគតិ ទប់ស្កាត់បទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន។

លើសពីនអនុវត្តឲ្យបានល្អនៅទិសដៅទាំងអស់នេះ គណបក្សពិតជានឹងធានាបានការសម្រេចជោគជ័យ ក្នុងការអនុវត្តកម្មវិធីនយោបាយរយៈពេល៥ឆ្នាំ ហើយពិតជានឹងពង្រឹង និងពង្រីកបាននូវប្រៀបឈ្នះរបស់គណបក្ស ក្នុងការបោះឆ្នោតទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនីតិកាលទី៨ ឆ្នាំ២០២៨ខាងមុខទៀត៕