(ស្វាយរៀង)៖ លោក សុខ សូកេន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ទាំងថ្នាក់ឃុំ និងថ្នាក់ភូមិទាំងអស់ បង្កើតគណនីនិងប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp ដើម្បីទាក់ទងសម្រាប់ការងារគណបក្ស តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ការណែនាំនេះធ្វើឡើងនាឱកាសលោក សុខ សូកេន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង និងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤៥ អាណត្តិ៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកនិងឃុំទាំង១៦ គណៈកម្មាធិការបក្សឃុំទាំង១៦និងសាខាបក្សភូមិទាំងអស់នៃស្រុករមាសហែកសរុបប្រមាណ៦០០នាក់ នៅទីស្នាក់ការគណបក្សស្រុករមាសហែក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងក្នុងអង្គពិធីនេះ លោក សុខ សូកេន បានណែនាំឱ្យសមាជិក សមាជិកា និងក្រុមការងារគណបក្សទាំងអស់បង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី CoolApp ដើម្បីទាក់ទងសម្រាប់ការងារគណបក្ស តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា នៅក្នុងមហាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរចំពោះការប្រើប្រាស់ CoolApp និងថែមទាំងបានណែនាំដល់ស្ថាប័នចំណុះគណបក្ស សមាជិកគណបក្សទាំងអស់ សូមងាកមកប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp នេះវិញ ដែលជាស្នាដៃបង្កើតដោយកូនខ្មែរ៕