(ភ្នំពេញ)៖ មានជនខិលខូច បានបង្កើត Telegram Account ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្ដេចធិបតី នេះបើតាមការប្រកាសលើបណ្ដាញសង្គម ហ្វេសប៊ុក និង Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូន អ៊ុ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ឡើយ អាស្រ័យហេតុនេះ សូមអ៊ុ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកជនខិលខូច»

សូមបញ្ជាក់ផងដែរថា គ្រប់បណ្ដាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី សុទ្ធតែមានការបញ្ជាក់ (Verified) ពីរក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់។ បន្ថែមពីនេះទៀត បណ្ដាញសង្គមតេឡេក្រាម (Telegram) សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានតែ Channel Telegram តែមួយគត់ គឺឈ្មោះ Samdech Thipadei Hun Manet, Prime Minister of Cambodia ដែលមានតំណភ្ជាប់(Link)៖ https://t.me/Dr_Hunmanetofcambodia