(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានក្រើនរម្លឹកក្រុមពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវយកបេះដូងសង្រ្គោះមកដាក់មុខ ដោយចៀសវាងឥរិយាបថកិកកុកណាមួយមុនពន្លត់ភ្លើង ក្នុងករណីភ្លើងឆេះផ្ទះ ឆេះរោងចក្រជាដើម ព្រោះថាការងារនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការជួយសង្រ្គោះ មិនមែនទៅតថ្លៃគ្នាមុនបាញ់ពន្លត់ភ្លើងនោះទេ។

អភិបាលរងខេត្តរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតី តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងពិធីអបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

លើសនេះ លោកអភិបាលរងខេត្ត បានជំរុញមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅទីប្រជុំជន និងតាមបណ្តាគោលដៅដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គិភ័យណាមួយកើតឡើង។

អភិបាលរងខេត្តបន្តថា បញ្ហាប្រភពទឹកសម្រាប់កងកម្លាំងពន្លត់អគ្គិភ័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដើម្បីបញ្ជៀស ឱ្យបាននូវការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានអគ្គិភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយ ស្នងការនគរបាលខេត្ត ដើម្បីរៀបចំក្បាលបូមទឹក ប្រភពទឹក តាមគោលដៅដែលបានកំណត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលដល់កងកម្លាំងពន្លត់អគ្គិភ័យ ក្នុងការយកទឹកទៅសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ស្នងការនគរបាលខេត្ត បង្ហាញថា គ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួនសរុប១៥២ករណី កើនឡើង៨០ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ប៉ុន្តែលទ្ធផលនៃប្រតិបត្តិការអន្តរាគមន៍ របស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ទទួលបានលទ្ធផលល្អប្រសើរ៕