(ភ្នំពេញ)៖ ខ្សែកាបអុបទិកក្រោមបាតសមុទ្រ Malaysia-Cambodia-Thailand (MCT) ដែលដំណើរការសងសង់ដោយក្រុមហ៊ុន តែលកូថេក នឹងចាប់ផ្ដើមដំណើរការជាផ្លូវការ នៅត្រីមាសទី១ ឆ្នាំ២០១៧ ជាមួយនឹងការផ្តល់នូវ Internet កាន់តែមានល្បឿនលឿន។

លោក Yves Schaeffer នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានថ្លែងក្នុងសន្និសីទកាសែត ស្ដីពីដំណើរការសាងសង់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT នៅថ្ងៃទី២៥ ខែ​តុលានេះថា «ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ លើកដំបូងនៅកម្ពុជា នឹងមកដល់កម្ពុជា​នាពេលឆាប់ៗនេះ ហើយក្រុមហ៊ុន អ៊ីហ្ស៊ីខម នឹងក្លាយជាក្រុមហ៊ុន ISP ដំបូងគេនៅកម្ពុជា និងជាម្ចាស់ខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រនេះ​ ហើយយើងនឹងធ្វើការសម្ពោធស្ថានីយ៍អុបទិកនេះ នៅក្នុងខេត្ដព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦»

លោកបន្ថែមថា «លើសពីនេះ MCT នឹងជួយពង្រឹងដល់ការទំនាក់ទំនង និងវិស័យបច្ចេកវិទ្យានាពេលអនាគត ដោយលើកកម្ពស់ឯករាជ្យភាព​ ក្នុងវិស័យ​ទូរគមនាគមន៍កម្ពុជា និងប្រព័ន្ធអ៊ិនធឺណិត ព្រមទាំងលើកកម្ពស់ សមត្ថភាពសេវាសារគមនាគមន៍ទូទៅ របស់ប្រទេសផងដែរ កាន់តែពិសេសនោះ ២-៣ឆ្នាំខាងមុខ កម្ពុជា នឹងកា្លយជាមជ្ឈមណ្ឌលកណ្ដាល សម្រាប់ការចែកចាយនូវប្រព័ន្ធ MCT នេះ នៅកាន់បណ្ដាប្រទេសជិតខាង ដូចជា ថៃ វៀតណាម ឡាវ ជាដើម»

ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា លោក ម៉ូវ ចរិយា បានថ្លែងផងដែរថា «និយ័តករទូរគមនាគមន៍កម្ពុជា យើងជឿជាក់ថា ការមកដល់នៃខែ្សកាប្លិ៍ក្រោមបាតសមុទ្រនេះ នឹងនាំយកផលវិជ្ជមានដល់ វិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា រួមទាំងឱកាសវិនិយោគទុន ជាច្រើន មកកាន់ប្រទេសផងដែរ ហើយសូមអបអរដល់ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនមួយ របស់អ៊ីហ្ស៊ីខម ដែលបានសម្រេចការងារនេះ ​ក្នុងឆ្នាំ២០១៧ខាងមុខ»

គួរបញ្ជាក់ថា ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT ដែលមានទីតាំងនៅខេត្ដព្រះសីហនុ នៃប្រទេសកម្ពុជា ខេត្ដ Rayong ប្រទេសថៃ និងឆ្នេរ Cherating រដ្ឋ Kuantana នៃប្រទេសម៉ាឡេស៊ី ហើយស្ថានីយ៍ខ្សែកាប្លិ៍អុបទិក នៅក្នុងប្រទេសទាំងបីនេះ ត្រូវបានរៀបចំរួចជាស្រេច និងកំពុងត្រៀមខ្លួន​ សម្រាប់ការមកដល់​​របស់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រផងដែរ ពិសេសនឹងអនុម័តនូវបច្ចេកវិទ្យា ១០០Gbps ជាមួយនឹងសមត្ថភាពគាំទ្រយ៉ាងហោចណាស់ ៣០Tbps ។ វានឹងភ្ជាប់ទៅប្រព័ន្ធខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រផ្សេងទៀត ដូចជា Telcotech ដែលជាសមាជិកនៃបណ្ដាញ Asia-America Gateway ជាប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រមានចម្ងាយ ២០០០០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់អាស៊ី អាគ្នេយ៍ទៅកាន់សហរដ្ឋអាមេរិក៕