(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចសារនយោបាយថា សម្តេចមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ តែសម្តេចមានមោទនភាពដែលបាន ប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងទឹកដីខ្មែរទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
សារនយោបាយខ្លី តែមានអត្តន័យយ៉ាងធំធេងនេះ ត្រូវបានសម្តេចបវរនាយករដ្ឋមន្រ្តី បង្ហោះនៅតាម Facebook ជាមួយរូបភាពអនុស្សាវរីយ៍ខ្លះៗ ពេលសម្តេចអញ្ជើញចុះពិនិត្យដើម្បីរៀបចំកសាង និងពង្រឹងប្រៀបការពារជាតិ នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រអូអាឡៃ-អូតាង៉ាវ ខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៧ ក្នុងតួនាទីជាមេបញ្ជាការកងទ័ព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារនយោបាយយ៉ាងដូច្នេះថា «ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរយើងនាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងបន្តទៅអនាគត»៕