(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារ និងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ-សៀមរាប ចំនួន ៦០នាក់ បានចូលរួមសហការសម្របសម្រួលក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៤៩៧៥នាក់ ស្មើនឹង៨៥៧៨ករណី រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ស្ថិតនៅក្នុងបរិវេណ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ ហើយថ្ងៃនេះក្រុមគ្រូពេទ្យបានបម្រើនូវសេវាសុខាភិបាលរួមមាន៖ ពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។
លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា «បើសិនជាលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើងមានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យយើងនឹងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ដ ឬទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយរាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ុំពូមីង កុំបារម្ដ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។
ក្នុងឱកាសសំណេះសំណាលខាងលើនេះ ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្ដីរំភើប សប្បាយរីករាយ និងកក់ក្ដៅយ៉ាងខ្លាំង និងបានថ្លែងអំណរគុណជាអនេក ចំពោះក្ដីស្រលាញ់ និងយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃ ។
ជាមួយគ្នានេះក្រុមគ្រូពេទ្យដែលបានចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យនេះ ក៏បានសម្ដែងនូវភាពសប្បាយរីករាយ និងពេញចិត្ដជាខ្លាំង ដែលបានចូលរួមសកម្មភាពជួយសង្គមជាតិ តាមរយៈការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយឥតថ្លៃ និងដឹកនាំដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ មុន្នី ហ៊ុន ម៉ាណែត៕