(ភ្នំពេញ)៖ សង្គ្រាមអ៊ុយក្រែន អូសបន្លាយបីឆ្នាំមកនេះ កំពុងក្លាយជាមេរៀនប្រវត្តិសាស្ត្រមួយរបស់ពិភពលោក។ តាមពិតអ្វីដែលអ៊ុយក្រែន បានឆ្លងកាត់មកនេះ គឺស្រដៀងគ្នានឹងអ្វីដែលកម្ពុជាកាលពី៥៥ឆ្នាំមុនធ្លាប់បានជួបប្រទះផងដែរ។

Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើក្រោយសង្គ្រាមបីឆ្នាំនៅអ៊ុយក្រែន៖ តើអ្នកឈ្នះ និងអ្នកចាញ់ជាអ្នកណា?

សង្រ្គាមនៅតំបន់ភាគខាងកើតអ៊ុយក្រែន ត្រូវបានគេរំពឹងថា ទំនងនឹងអាចចប់នៅក្នុងឆ្នាំ២០២៥នេះ ជាមួយនឹងការលេចចេញរូបរាងបន្តិចម្តងៗបង្ហាញថា តើអ្នកឈ្នះ និងអ្នកចាញ់គឺជាអ្នកណាហើយ។ សង្គ្រាមអូសបន្លាយរយៈពេលបីឆ្នាំមកនេះ មិនត្រឹមតែកែប្រែទិដ្ឋភាពភូមិសាស្ត្រនយោបាយក្នុងតំបន់អឺរ៉ុបខាងកើតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេរៀនដល់ប្រទេសដទៃទៀត ក្នុងការត្រូវធ្វើអ្វីខ្លះ ដើម្បីអារកាត់ក្នុងការសម្រេចចំពោះអនាគតនៃប្រទេសជាតិនីមួយៗរបស់ពួកគេនោះ។

នៅចំពេលមានវិបត្តិ ដែលពិបាកស្ទើរតែមិនអាចដោះស្រាយរួច, ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវគេមើលឃើញថា កំពុងបង្ខំឱ្យលោក Volodymyr Zelensky ធ្វើការចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មអាមេរិក ចូលប្រើប្រាស់ធនធានរ៉ែក្រោមដីរបស់អ៊ុយក្រែន ជាថ្នូរនឹងបំណុលចំនួន ៥០០ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ កំពុងបង្កើតជាសំណួរយ៉ាងជ្រាលជ្រៅអំពីអធិបតេយ្យភាពជាតិ ការរស់រានមានជីវិតនៃសេដ្ឋកិច្ច និងផលវិបាកភូមិសាស្ត្រនយោបាយរយៈពេលវែង។

១៖ តើលោក Zelensky មានជម្រើសទេ?

ប្រធានាធិបតីអ៊ុយក្រែន កំពុងស្ថិតក្នុងស្ថានភាពលំបាក ដែលមានកន្លែងតិចតួចណាស់សម្រាប់ការរើខ្លួនចេញពីសំណាញ់ហ៊ុមព័ទ្ធនេះ។ អ៊ុយក្រែន កំពុងស្ថិតជាប់នៅចន្លោះគំនាប អំពើឈ្លានពានយោធារបស់រុស្ស៊ី និងឥទ្ធិពលជំនួយរបស់សហរដ្ឋអាមេរិក។ សង្គ្រាមអូសបន្លាយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ និងកំពុងពឹងពាក់ខ្លាំងលើសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយយោធាគ្រឿងសព្វាវុធដើម្បីប្រឆាំង នឹងទង្វើឈ្លានពានរបស់រុស្ស៊ី។

ភាពរារែកមិនហ៊ានអារកាត់ភ្លាមៗក្នុងស្ថានភាពជាប់គាំងក្នុងពេលនេះ នឹងធ្វើឱ្យអ៊ុយក្រែន អាចប្រឈមនឹងការបាត់បង់អស់ជាច្រើនថែមទៀត ដូចអ្វីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងជម្រុញរួចមកហើយថា មេដឹកនាំអ៊ុយក្រែនត្រូវប្រញាប់ចូលតុចរចា បើពុំដូច្នោះទេនឹងត្រូវប្រឈមការបាត់បង់ទឹកដីទាំងមូល។ ប៉ុន្តែការអាចចូលក្នុងតុចរចាទៅបានលុះត្រាណាតែអ៊ុយក្រែន មានសន្លឹកបៀរដ៏ធំមួយស្ថិត នៅនឹងដៃសិន…ហើយសន្លឹកបៀរនោះ គឺទំនងជាកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យសហរដ្ឋ អាមេរិក ធ្វើអាជីវកម្មរ៉ែកម្រក្រោមដី ដើម្បីជាថ្នូរដោះដូរបំណុល ៥០០ពាន់លានដុល្លាររបស់ខ្លួននោះហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky អាចមានជម្រើសមួយចំនួនដែរទោះបីជាមានហានិភ័យសំខាន់ៗយ៉ាងនេះក៏ដោយ។

-ជម្រើសទី១ គឺច្រានចោលកិច្ចព្រមព្រៀង៖ លោក Zelensky អាចបដិសេធ មិនចុះហត្ថលេខាលើកិច្ចសន្យា ប៉ុន្តែសេចក្តីបដិសេធនោះ នឹងទទួលបាននូវតម្លៃបាត់បង់ការគាំទ្ររបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមានសារៈសំខាន់ក្នុងការជួយការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ បើគ្មានជំនួយពីសហរដ្ឋអាមេរិកទេ សមត្ថភាពយោធារបស់អ៊ុយក្រែន អាចធ្លាក់ចុះបន្ថែមទៀត ហើយវានឹងជួយបង្កើនល្បឿនវាយប្រហាររបស់រុស្ស៊ីកាន់តែសម្រេចបានគោលដៅជាច្រើនទៀត។

-ជម្រើសទី២ គឺចរចាលក្ខខណ្ឌកាន់តែប្រសើរ៖ ជំនួសឱ្យការបដិសេធទាំងស្រុង អ៊ុយក្រែនអាចព្យាយាមចរចាលក្ខខណ្ឌអំណោយផលបន្ថែមទៀត ដូចជាការរក្សាចំណែកកាន់តែច្រើននៃប្រាក់ចំណេញពីការជីកយករ៉ែ ឬកំណត់រយៈពេលនៃកិច្ចសន្យាដើម្បីការពារការកេងប្រវ័ញ្ចរយៈពេលវែង។
-ជម្រើសទី៣ គឺស្វែងរកសម្ព័ន្ធមិត្តជំនួស៖ អ៊ុយក្រែន អាចនឹងសម្លឹងឆ្ពោះទៅរកសហភាពអឺរ៉ុប ឬចិន ឬស្ថាប័នអន្តរជាតិផ្សេងទៀត សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធា ដោយកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងអាចជៀសផុតពីកិច្ចសន្យាទាំងស្រុង។ ប៉ុន្តែតើប្រទេសណាមួយទៅ ដែលអ៊ុយក្រែនគិតថាសំខាន់ជាងសហរដ្ឋអាមេរិកនោះ?

ជម្រើសទី៤ ការតស៊ូសាធារណៈ និងសភា៖ លោក Zelensky អាចប្រើប្រាស់មតិសាធារណៈ និងការគាំទ្រសភា ដើម្បីពន្យារពេល ឬរារាំងកិច្ចព្រមព្រៀងនេះ ទោះបីជាជម្រើសនេះអាចប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងបង្កើតអស្ថិរភាពនយោបាយបន្ថែមទៀតនៅក្នុងអ៊ុយក្រែនក៏ដោយ។ ប៉ុន្តែជម្រើសនេះ នឹងធ្វើឱ្យមានភាពក្រឡាប់ចាក់លឿនក្នុងសង្គមអ៊ុយក្រែន។

ទីបំផុត ជម្រើសផ្សេងៗរបស់លោក Zelensky ត្រូវគេឃើញថា នៅតែមិនល្អជាងសេចក្តីត្រូវការជាបន្ទាន់លើជំនួយសេដ្ឋកិច្ច និងជំនួយយោធាឡើយ។ តាមពិតជម្រើសបដិសេធ មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចេះតែអាចធ្វើបានហើយ ប៉ុន្តែផលប៉ះពាល់នឹងអាចធ្ងន់ធ្ងរ ដែលប្រការទាំងនេះបង្ហាញថាមេដឹកនាំអ៊ុយក្រែន គ្មានជម្រើសអ្វីក្រៅតែពីការយល់ព្រមតាមសហរដ្ឋអាមេរិកនោះទេ។

២៖ តើអ៊ុយក្រែនត្រូវចំណាយពេលប៉ុន្មាន ដើម្បីសងសហរដ្ឋអាមេរិក?

ប្រសិនបើលោក Zelensky ចុះហត្ថលេខាលើកិច្ចសន្យានោះ ផលប៉ះពាល់សេដ្ឋកិច្ច គឺនឹងមានភាពជ្រាលជ្រៅណាស់។ អ៊ុយក្រែន ដែលជាប្រទេសមួយមានបន្ទុករួចហើយដោយបំណុលសង្រ្គាម ត្រូវតែធ្វើពាណិជ្ជកម្មផ្នែកមួយនៃអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ការសង្គ្រោះមួយក្នុងរយៈពេលខ្លី។ ពេលវេលាដែលតម្រូវឱ្យសងអាមេរិកវិញ គឺអាស្រ័យលើកត្តាជាច្រើនរួមមាន៖

-តម្លៃនៃធនធានទាញចេញពីរ៉ែក្រោមដី៖ អ៊ុយក្រែនសម្បូរទៅដោយធនធានធម្មជាតិ រួមមានរ៉ែ លីធ្យ៉ូម Lithium ទីតាញ៉ូមTitanium និងរ៉ែកម្រ ដែលសុទ្ធសឹងជាសារធាតុចាំបាច់សម្រាប់ឧស្សាហកម្មទំនើប។ ប្រសិនបើសាជីវកម្មរបស់សហរដ្ឋអាមេរិក ទទួលបានការគ្រប់គ្រងលើធនធានទាំងនេះ សហរដ្ឋអាមេរិក អាចទាញយកទ្រព្យសម្បត្តិដ៏ច្រើនលើសលុបក្នុងរយៈពេលជាច្រើនទសវត្សរ៍។

-លក្ខខណ្ឌនៃកិច្ចសន្យា៖ ប្រសិនបើអ៊ុយក្រែនផ្ទេរប្រាក់ពាក់កណ្តាលនៃប្រាក់ចំណេញពីការបណ្តាក់ទុនរួមគ្នាទៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ហើយឧបមាថា ប្រាក់ចំណេញប្រចាំឆ្នាំមានប្រមាណចំនួន 20 ពាន់លានដុល្លារ វានឹងចំណាយពេលយ៉ាងហោចប្រហែល ៥០ឆ្នាំផងដែរ ដើម្បីដោះសងបំណុល ៥០០ ពាន់លានដុល្លារអាមេរិកនោះ។

ដោយពិចារណាទៅលើកត្តាទាំងនេះ អ៊ុយក្រែនទំនងប្រើប្រាស់ពេលវេលាជាច្រើនសិបឆ្នាំឯនោះ ដើម្បីធ្វើការដោះដូរបំណុលរបស់ខ្លួនដែលជំពាក់សហរដ្ឋអាមេរិក ប៉ុន្តែបំណុលអាចដោះលឿន ឬមិនដោះលឿន ក៏អាស្រ័យលើការចរចាលក្ខខណ្ឌសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

៣៖ តើអ្នកណាជាអ្នកឈ្នះ និងអ្នកចាញ់បន្ទាប់ពីសង្គ្រាមបីឆ្នាំ?

បន្ទាប់ពីរយៈពេលបីឆ្នាំនៃជម្លោះឥតឈប់ឈររួចមកនេះ ការវាយតម្លៃថា តើអ្នកឈ្នះ និងអ្នកចាញ់នៃសង្គ្រាមនោះ គឺជាអ្នកណានោះ នឹងត្រូវបានគេវាយតម្លៃដូចតទៅនេះ៖

*អ្នកឈ្នះអាចមានភាគី២

១៖ គឺរុស្ស៊ី ទោះបីជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មអន្តរជាតិ និងការខាតបង់ផ្នែកយោធាយ៉ាងសំខាន់ក៏ដោយ ក៏រុស្ស៊ីបានគ្រប់គ្រងផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន ដោយរុស្ស៊ីអាចសម្រេចនូវគោលដៅពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ការក្តោបក្តាប់ទឹកដីប្រមាណ១ភាគ៥ របស់អ៊ុយក្រែន រួមមួយតំបន់ Donetsk និង Luhansk ទំហំសារុប ១៦១,០០០គីឡូម៉ែត្រក្រឡា បានបង្ហាញនូវជ័យជំនះដណ្តើមយកទឹកដីពីអ៊ុយក្រែន និងទឹកដីភាគខាងកើតនោះទៀត ក៏រួមមានធនធានរ៉ែច្រើនសិបពាន់លានដុល្លារ ដែលរុស្ស៊ីអាច ទាញយកផលលាភចំណេញបានថែមទៀត។

២៖ សហរដ្ឋអាមេរិក ក្រៅពីរុស្ស៊ី ដែលឈ្នះលើការដណ្តើមបានទឹកដី, សហរដ្ឋអាមេរិក ក៏ជាប្រទេសដែលឈ្នះបានកាន់កាប់ធនធានធម្មជាតិរ៉ែ និងឧស្ម័ន្ធកម្រក្រោមដី បើសិនជាកិច្ចព្រមព្រៀងនោះត្រូវបានលោកហ្សេឡិនស្គី ចុះហត្ថលេខាពិតមែន។ ក្រុមហ៊ុនសាជីវកម្មអាមេរិក អាចទទួលបានប្រាក់ចំណេញពីការទាញយករ៉ែ ដោយធានានូវកំណើនសេដ្ឋកិច្ចរយៈពេលវែង។

*អ្នកចាញ់ គឺអ៊ុយក្រែន និងអ្នកគាំទ្រអ៊ុយក្រែន

បើទោះបីជាសង្គ្រាមមិនទាន់ត្រូវបានបញ្ចប់ជាចុងក្រោយនាពេលនេះមែន, អ្នកចាញ់ដែលគេបានឃើញច្បាស់បំផុត គឺអ៊ុយក្រែន ដែលបានរងការបំផ្លិចបំផ្លាញយ៉ាងធំធេងដោយសារសង្គ្រាម, ការបាត់បង់ទឹកដី និងអាចបាត់បង់អធិបតេយ្យភាពសេដ្ឋកិច្ចដ៏វិសេសវិសាលរបស់ខ្លួនថែមទៀត នោះនៅមិនទាន់រាប់ពីជីវិតមនុស្សត្រូវបានបាត់បង់ រងរបួស និងរងការប៉ះទង្គិចដោយសារសង្គ្រាមប្រមាណ ៣ឆ្នាំមកនេះឡើយ។

ប្រជាជនអ៊ុយក្រែន ក្នុងរយៈពេលបីឆ្នាំមកនេះត្រូវគេឃើញថា បានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងខ្លាំង នូវការផ្លាស់ទីលំនៅចុះឡើងដោយសារការវាយប្រហារគ្នានៅលើសមរភូមិ និងតាមផ្លូវអាកាសរបស់រុស្ស៊ី ដែលបណ្តាលឱ្យក្រុមគ្រួសាររបស់ពួកគេបានបាត់បង់ជីវិត និងរងរបួស។ គេមិនទាន់ដឹងថា តើអ៊ុយក្រែន នឹងត្រូវចំណាយរយៈពេលប៉ុន្មានឆ្នាំដើម្បីកសាងសង្គមជាតិរបស់ខ្លួនឱ្យបានដូចដើមវិញនោះឡើយ។

*អ្នកចាញ់មួយទៀត គឺសហភាពអឺរ៉ុប

សហភាពអឺរ៉ុប បានប្រឈមមុខនឹងការរអាក់រអួលផ្នែកសេដ្ឋកិច្ច ដោយសារតែការពឹងផ្អែកថាមពលលើប្រទេសរុស្ស៊ី និងភាពតានតឹងផ្នែកហិរញ្ញវត្ថុដោយសារតែការគាំទ្របុព្វហេតុលើអ៊ុយក្រែន។ ការប្រឈមសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ក៏កាន់តែឡើងខ្ពស់ផងដែរ ក្នុងពេលដែលប្លុកនេះ មានការរួបរួមផ្នែកនយោបាយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែនៅទីបំផុតក្រោមនយោបាយថ្មីរបស់រដ្ឋបាលអាមេរិក លោក ដូណាល់ ត្រាំ កិច្ចប្រឹងប្រែងធ្វើឱ្យរុស្ស៊ីឯកោ ជាមួយនឹងការរួមគ្នាដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ក្រុងម៉ូស្គូ ត្រូវបានដោះចេញម្តង់បន្តិចៗមកវិញ តាមរយៈការចាប់ដៃគ្នាកសាងនយោបាយ ការទូតឡើងវិញរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី។

*តើមេរៀននេះនឹងបង្រៀនអ្វីខ្លះដល់ប្រទេសផ្សេងទៀត?

ប្រសិនបើលទ្ធផលបឋមបន្ទាប់ពីសង្គ្រាម៣ឆ្នាំ បង្ហាញថា អ៊ុយក្រែននឹងបានបាត់បង់ទឹកដីភាគខាងកើតរបស់ខ្លួនទៅឱ្យរុស្ស៊ី និងធនធានក្រោមដីរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិកមែននោះ ផលប៉ះពាល់ជាសកលនឹងមានសារៈសំខាន់។ ប្រទេសផ្សេងទៀត ក៏នឹងទាញរឿងសង្គ្រាមអ៊ុយក្រែនមួយនេះ នឹងធ្វើជាមេរៀនរបស់ពួកគេផងដែរ។ តើមេរៀននោះមានអ្វីខ្លះ?

១៖ ប្រយ័ត្នចំពោះភាពពឹងផ្អែកលើបរទេស ប្រទេសដែលពឹងផ្អែកខ្លាំងពេកលើប្រទេសដទៃ ដែលគិតថា ប្រទេសនោះជាប្រទេសមហាអំណាចលោកខាងលិច ឬប្រទេសលោកខាងកើត ក្នុងការទទួលជំនួយគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ច។ មេរៀននោះបង្ហាញថាវានឹងធ្វើឱ្យប្រទេស ដែលពឹងលើការដកដង្ហើមបរទេសនោះ នឹងជាប់ក្នុងកិច្ចព្រមព្រៀងកេងប្រវ័ញ្ច ដែលធ្វើជាសម្របសម្រួលអធិបតេយ្យភាពរបស់ពួកគេ។

២៖ ត្រូវចេះធ្វើពិពិធកម្មសម្ព័ន្ធភាព តាមរយៈមេរៀនមួយនេះ, ប្រទេសតូចៗ នឹងទទួលស្គាល់ពីសារៈសំខាន់នៃការរក្សាសម្ព័ន្ធភាព ជាជាងពឹងផ្អែកលើប្រទេសដែលមានអំណាចតែមួយ។ ការស្វែងរកជំនួយពីសម្ព័ន្ធភាពក្នុងតំបន់ ដូចជាសហភាពអឺរ៉ុប ឬ អាស៊ាន ឬ BRICS អាចនឹងក្លាយទៅជាយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធភាពជាង។

៣៖ ពង្រឹងភាពធន់ក្នុងស្រុក ប្រទេសទាំងឡាយ ដែលបានឃើញដោយផ្ទាល់ពីអ្វីដែលអ៊ុយក្រែន បានឆ្លងកាត់មកនេះ ត្រូវផ្តល់អាទិភាពធំលើការត្រូវរៀន និងចេះគ្រប់គ្រងដោយខ្លួនឯង, បង្កើនលើវិស័យវិនិយោគបន្ថែមនៅក្នុងឧស្សាហកម្មក្នុងស្រុក, ការការពារយោធា និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីជៀសវាងអំពើកេងប្រវញ្ចមកពីខាងក្រៅ។

៤៖ ស្ថិរភាពនយោបាយគឺជាគន្លឹះ ភាពស្អិតរមួតនយោបាយផ្ទៃក្នុង គឺជាអ្វីដែលមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចបញ្ចៀសឧបាយកលសត្រូវដែលស្វែងរកសម្ពាធអន្តរជាតិ។ ប្រទេសដែលមានភាពជាអ្នកដឹកនាំបែកគ្នាហើយ គឺងាយរងនឹងធ្លាក់ចូលក្នុងការកេងប្រវ័ញ្ចពីបរទេស ដោយសារកម្លាំងខាងក្រៅ អាចរៀបចំឧបាយកលនិងបង្កើតបក្ខពួកនយោបាយ ក្នុងការជំរុញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

៥៖ ការការពារធនធានមានសារៈសំខាន់ ប្រទេសដែលសម្បូរ ទៅដោយធនធានធម្មជាតិ គប្បីត្រូវដាក់ចេញនូវគោលនយោបាយតឹងរ៉ឹងរបស់ខ្លួនជាងមុនដើម្បីការពារទ្រព្យសម្បត្តិរ៉ែរបស់ពួកគេ ដោយរារាំងក្រុមហ៊ុនបរទេសមិនត្រូវឱ្យទទួលបានការគ្រប់គ្រងហួសហេតុពេកឡើយ។

សង្គ្រាមនៅអ៊ុយក្រែន កំពុងបង្រៀនយើងឱ្យមើលឃើញអំពីគ្រោះថ្នាក់ នៃការពឹងផ្អែកខ្លាំងពេកលើបរទេសពីខាងក្រៅ។ កម្ពុជាមានបទពិសោធន៍រួចមកហើយ ដោយអតីតកាលនៃរបបសាធារណរដ្ឋខ្មែរ ដែលពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក បានបង្កើតរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ផ្តួលរំលំរបបសង្គមរាស្ត្រនិយម ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ។ នៅពេលដែលសហរដ្ឋអាមេរិក ដកខ្លួនចេញពីប្រទេសក្នុងឥណ្ឌូចិន របបសាធារណរដ្ឋខ្មែរដឹកនាំដោយ លន់ នល់ បានដូលរលំ និងបានរុញច្រានកម្ពុជាធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថារបបដឹកនាំខ្មែរក្រហម។

មនុស្សជាង៣លាននាក់ បានបាត់បង់ជីវិត និងគ្រួសារខ្មែរជាច្រើនម៉ឺននាក់ បានរត់ចេញពីស្រុក ដោយសារតែសង្គ្រាមបង្កើតឡើងដោយទង្វើរដ្ឋប្រហារនោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយគន្លឹះធំបំផុតនៃការធ្វើឱ្យសង្គ្រាមស៊ីវិល បានរលត់រលាយអស់ទាំងស្រុង រួមទាំងការដឹកនាំចលនាតស៊ូរំដោះជាតិ ចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុលពត ផងដែរ។

បើគ្មាននយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពន្លត់សង្គ្រាមទាំងស្រុង និងធ្វើឱ្យទឹកដីបានឯកភាពបរិបូរណ៍កាលពីចុងឆ្នាំ១៩៩៨នោះទេ កម្ពុជា មិនអាចមានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ។

បទពិសោធន៍របស់អ៊ុយក្រែន មិនខុសគ្នានឹងអ្វីដែលកម្ពុជាបានឆ្លងកាត់ពីអតីតកាលឡើយ។ រដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានអូសបន្លាយសង្គ្រាមរយៈពេលជិត៣០ឆ្នាំ និងសង្គ្រាម នេះបានបញ្ចប់តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះជាតថភាព នៃប្រវត្តិសាស្ត្ររបស់ជាតិ ដែលមិនអាចត្រូវបានកែកាឡៃបានឡើយ។ សូមឱ្យបទពិសោធន៍របស់អតីតកាលសង្គ្រាមកម្ពុជា និងសង្គ្រាមអ៊ុយក្រែន ដាស់តឿនមនុស្សទាំងឡាយ មិនត្រូវញុះញង់ប្រទេសរបស់ខ្លួនឱ្យធ្លាក់ចូលក្នុងសង្គ្រាមឡើយ៕