(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង២,១៥០ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ, អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀត ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
អភិបាលខេត្តបានបន្តថា «កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាព គ្រួសារតាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ»។
អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ ដែលបានចូលឧបត្ថម្ភគាំទ្រ រហូតសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ៕