(ប៉េកាំង)៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៉េកាំងមានរៀបចំកម្មវិធី បើកដំណើរការវិទ្យាស្ថានស្រាវជ្រាវ ការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ។ តាមប្រព័ន្ធវីដេអូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចថា ឆ្នាំ២០២៤ គឺជាខួបលើកទី១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយក៏ជាឆ្នាំនៃការចេញដំណើរ ដ៏ប្រពៃសម្រាប់បណ្តាប្រជាជាតិ តាមដងទន្លេឡានឆាង-មេគង្គរួមគ្នា នៅក្នុងការបង្កើនបរិមាណមាសបៃតង តាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះក្រោមក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន ហើយយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន។

ក្នុងរយៈពេល១០ឆ្នាំមកនេះ តាមរយៈកិច្ចគាំទ្រពីនាយកដ្ឋានឃោសនា នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានក្លាយជាចំណែកដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។

លោកបណ្ឌិតបានបន្ថែមទៀតថា ការបង្កើតវិទ្យាស្ថាននេះ គឺជាជម្រើសដ៏សមស្របតាមអនុលោមតាមនិន្នាការនៃយុគសម័យ និងបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការប្រមូលផ្តុំកម្លាំង នៃក្រុមបញ្ញាញាណជាន់ខ្ពស់ដើម្បីរួមគ្នា ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រជាជននិងប្រជាជន នៃបណ្តាប្រទេសទាំង៦តាមដងទន្លេឡានឆាង-មេគង្គ ស្របតាមទស្សនៈ «ផឹកពីទន្លេតែមួយ វាសនារួមគ្នានៃប្រជាជាតិយើងទាំង៦»។

លោកបណ្ឌិត លូ ទី សាស្ត្រាចារ្យ និងជាអ្នកគ្រប់គ្រងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានសារព័ត៌មាន និងទំនាក់ទំនង នៃសាកលវិទ្យាល័យប៉េកាំង និងជាវិទ្យាស្ថានស្រាវជ្រាវ ការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ បានគូសរំលេចថាការបង្កើត វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ មានសារៈសំខាន់យ៉ាងក្រៃលែង និងជានិមិត្តសញ្ញា នៃជំហានដ៏សំខាន់មួយសម្រាប់ការកសាង សហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ ដែលអាចនឹងផ្តល់ការវិភាគ យ៉ាងស៊ីជម្រៅអំពីវប្បធម៌នៃប្រទេសនានា ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដោយសហការជាមួយបណ្តាស្ថាប័នស្រាវជ្រាវនានា ក្នុងបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ ដែលក្នុងនោះរួមមានទាំង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការបោះពុម្ពផ្សាយ នូវស្នាដៃស្រាវជ្រាវដ៏មានតម្លៃកាន់តែច្រើន និងផ្តល់ការគាំទ្រផ្នែកទ្រឹស្តីដល់ការស្រាវជ្រាវ ការផ្សព្វផ្សាយក្នុងតំបន់ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសទន្លេឡានឆាង-មេគង្គបង្កើតជាបណ្តាញផ្សព្វផ្សាយ ក្នុងតំបន់ដែលមានឥទ្ធិពលកាន់តែខ្លាំង និងបង្ហាញដល់ពិភពលោកនូវសមិទ្ធផលអភិវឌ្ឍន៍ និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ៕

វិទ្យុមិត្តភាពកម្ពុជាចិន