(កំពង់ធំ)៖ ​ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងា​រ​ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងណែនាំឱ្យអាជ្ញាធរ ខិតខំរួមគ្នាដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនត្រូវទុកចោលបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ។

ក្រោយពីបានស្ដាប់ការលើកឡើងរបស់សមាជិក ពីបញ្ហាប្រឈមក៏ដូចជាតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋានលោកស្រី ឃួន ឃុនឌី បានណែនាំមន្ត្រីគ្រប់រូប​ត្រូវចុះមូលដ្ឋានផ្ទាល់ ជាមួយប្រជាពលរដ្ឋ​តាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា និងតម្រូវការពួកគាត់បានទាន់ពេលវេលា និងចំគោលដៅ ប្រសិនបើបញ្ហាប្រឈម ឫសំណូមពរនោះដោះស្រាយមិនបាន ត្រូវធ្វើរបាយការណ៍​មកក្រុមការងា ​ចុះមូលដ្ឋានឃុំ ស្រុកបន្តដើម្បីជួយ ដោះស្រាយដោយមិនត្រូវទុកការងារទាំងអស់នោះចោល​ដោយថ្នាក់លើមិនដឹងនោះទេ។

លោកស្រីបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមគោលនយោបាយ​ដ៏ត្រឹមត្រូវ​របស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យមើលបញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួច ឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ជាដើម ព្រោះបញ្ហានេះបានធ្វើឱ្យពលរដ្ឋ​នៅមានការបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត។

លោកស្រី ឃួន ឃុនឌី បានជំរុញមន្ត្រីធ្វើអំពើល្អ ជាអ្នកធ្វើការបម្រើស្ថាប័នអង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋឲ្យបានពិតប្រាកដនិងជួយគាំពារជនងាយរងគ្រោះ និងត្រូវបន្តយកចិត្តទុកដាក់​ការផ្តល់សេវា​សាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង។

សូមបញ្ជាក់ថា នាឱកាសនោះតំណាងប្រជាពលរដ្ឋ បានលើកឡើងពីចំណាកស្រុករបស់ប្រជាពលរដ្ឋ កង្វះអគារសិក្សាបឋម មហរ ការកសាងផ្លូវដែលខូច ការស្តារបឹង ការធ្វើអត្តសញ្ញាណបណ្ណ កង្វះទឹកប្រើប្រាស់ ក្នុងរដូវប្រាំងភូមិកូនត្នោតជាដើម៕