(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំពាវនាវឲ្យយុវជនទាំងអស់ បន្តចូលរួមសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយនឹងកិច្ចការងារសង្គម ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោក នួន ផារ័ត្ន បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ស្រុក សរុបប្រមាណជាង ៣០០នាក់។
នាឱកាសនោះដែរ លោកបានសម្តែងនូវការអបអរចំពោះសមិទ្ធផលដែល ស.ស.យ.ក. ស្រុក សម្រេចបាននៅពេលនេះ អគារទីស្នាក់ការដែលមានទំ ១០មx ១០.៨ម ដែលជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ។
លោកបន្តថា ការរៀបចំពិធីសំណេះសំណាលនេះ ជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក. ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការ ចូលរួមរក្សា បន្តកសាង អភិវឌ្ឍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ៕