Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានយុវជនគណបក្សប្រជាជនក្រុងកំពត នាំយកសម្ភារសិក្សាចែកជូនដល់សាលាមត្តេយ្យសហគមន៍ចំនួន៤ ក្នុងក្រុងកំពត

22-02-2025 14:05

(កំពត)៖ ក្រុមការងារយុវជនគណបក្សក្រុងកំពតដឹកនាំដោយ លោក ហ៊ុន វីរៈថេត ប្រធានយុវជនគណបក្សក្រុងកំពត ព្រមទាំងក្រុមការងារនាំយកសំភារៈសិក្សា ចែកជូនសាលាមត្តេយ្យសហគមន៍ចំនួន៤ ស្ថិតនៅសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពត ដែលមានចំនួនសិស្សសរុប១៨០នាក់។

ក្នុងឱកាសនោះលោក ហ៊ុន វិរៈថេត បានលើកឡើងថា ចំពោះការរៀបចំបង្កើតឲ្យមានកម្មវិធីនេះឡើង គឺជាការបង្ហាញឲ្យឃើញពីទឹកចិត្ត នៃក្តីស្រឡាញ់ពិតប្រាកដចែកជូនដល់សិស្ស ហើយក៏បានពាំនាំយកសម្ភារសិក្សាផ្សេងៗ ដែលទទួលបានពីសប្បុរសជន រួមមាន៖ សៀវភៅ ប៊ិច ដៃខ្មៅ ប្រដាប់ខួរខ្មៅដៃបន្ទាត់ ជ័រលុប និងថវិកាសរុបសិស្សចំនួន១៨០នាក់ និងថវិកាសម្រាប់ចែកជូនដល់លោកគ្រូ អ្នកគ្រូ សរុបចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនរៀល។

ក្នុងនាមក្រុមការងារយុវជនគណបក្សក្រុងកំពត តែងតែយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់សិស្សតាមរយៈការរៀបចំជាកម្មវិធីចុះជួបសំណេះសំណាល​ និងផ្ដល់អំណោយជាសម្ភារសិក្សាជូនដល់សិស្ស។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យសាលាមតេ្តយ្យទាំងអស់ ចូលរួមប្រលងប្រណាំងមាត្រីភាពបរិស្ថាន ដោយធ្វើការរៀបចំទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាឱ្យមានអនាម័យល្អ មានផាសុខភាព ស័ក្តិសមជាកន្លែងដែលផ្តល់នូវបំនិនជីវិត និងចំណេះដឹងស្នូល។ មត្តេយ្យសាលាដែលមានបរិស្ថានស្អាតល្អ គឺមានសារៈសំខាន់ក្នុងការជំរុញការសិក្សាស្វែងយល់របស់កុមាតូច។

ជាចុងបញ្ចប់ លោក ហ៊ុន វីរៈថេត សូមកោតសរសើរ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កម្លាំងកាយចិត្តក្នុងការធ្វើឱ្យកូនៗតូចៗ មានឱកាសចាប់យកនូវការសិក្សាស្វែងយល់ ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ-បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះជាបំនិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំនិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ៕