(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជំរុញដល់ក្រុមការងារយុវជនស្រុកភ្នំក្រវាញទាំងអស់ ត្រូវចូលរួមបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានដឹង នូវសមិទ្ធផលសំខាន់ៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសសមិទ្ធផលដែលកើតមាននៅក្នុងខេត្ត និយាយជារួមនឹងនិយាយដោយឡែកសមិទ្ធផលក្នុងស្រុកភ្នំក្រវាញ ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន។

 លោក ខូយ រីដា និងលោក យឹម វិសិដ្ឋ បានជំរុញបែបនេះ នៅស្នាក់ការគណបក្សស្រុក ក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនប្រចាំឆ្នាំ២០២៤ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងប្រកាសតែងតាំង លោក ធាម សុផាត ជាប្រធានក្រុមការងារយុវជនស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីលោក ម៉ៅ សាន អនុប្រធានគណបក្សខេត្ត ប្រធានមន្ទីរបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងយុវជន ប្រមាណជាង៣០០នាក់។

 នៅក្នុងឱកាសឱកាសនោះ លោក ខូយ រីដា និងលោក យឹម វិសិដ្ឋ បាននាំពាំការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់  ដោយបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញទំាងមូល សម្រេចបាននាពេលកន្លងមក ជាផ្នែកមួយក្នុងការចូលរួមនាំ មកនូវជ័យជម្នះយ៉ាងធំធេង និងជាប្រវត្តិសាស្រ្ត ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កន្លងមកនេះ។

ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ ឈាមស្រស់ ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេនវ័យក្មេង ពោរពេញដោយថាមពល សមត្ថភាព និងចំណេះដឹង បានកំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ បង្កើតសមិទ្ធផលថ្មីៗជាច្រើន ជូនប្រទេសជាតិជាបន្តទៀត។
 ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ធានាបាននូវការអនុវត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងតួនាទីភារកិច្ចខ្លួន របស់ក្រុមចលនាយុវជនស្រុកភ្នំក្រវាញ និងបានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមការងារ នៅក្នុងនោះត្រូវបន្តសហការជាមួយគណបក្ស និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខមាលភាពស្រ្តី និងសុខភាពមាតា និងទារក។ ការកសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្ស និងក្រុមការងារគណបក្ស និងស្របតាមផែនការទិសដៅការងារចលនាយុវជន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក និងក្រុមការងារចលនាយុវជនគណបក្សខេត្ត។

លោក ខូយ រីដា និងលោក យឹម វិសិដ្ឋ បានស្នើដល់ក្រុមការងារយុវជន ក៏ដូចជាសមាជិកគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីសមិទ្ធផល ក៏ដូចជាគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍យុវជន កុមារ ចាស់ជរា និងជនងាយរងគ្រោះជាដើម។ ជាមួយគ្នានេះ ក៏ខិតខំពង្រឹងពង្រឹងពង្រីកសមាជិកយុបវជនគណបក្សឱ្យបានច្រើន និងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក និងជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

បន្ថែមពីនោះសកម្មជនក្រុមការងារទំាងអស់ ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ៕