(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានលើឡើងថា និយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស. ត្រូវបានបង្កើតឡើងដើម្បីធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្ដិសុខសង្គមក្នុងគោលបំណងធានានូវប្រតិតុល្យការ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការបង់ភាគទានពីសមាជិក ប.ស.ស. ក៏ដូចជាចូលរួមកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធគាំពារសន្តិសុខសង្គម ដើម្បីអាចពង្រីកវិសាលភាព និងធានាបាននូវចីរភាពនៃប្រព័ន្ធនេះ សម្រាប់បច្ចុប្បន្ន និងអនាគត។

លោកបណ្ឌិតបន្តថាអនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពី របបសន្តិសុខសង្គម, និយ័តករសន្តិសុខសង្គម ក៏មានភារកិច្ចក្នុងការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់ផងដែរ។ ដូចនេះ រាល់សមាជិក ប.ស.ស. ដែលជា កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងមន្រ្តីរាជការ មានវិវាទណាមួយហើយវិវាទនោះមិនអាចដោះស្រាយបានជាមួយ ប.ស.ស. ពួកគាត់អាចបន្តដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយរកស្វែងរកដោះស្រាយបន្ថែមមុននឹងឈានប្ដឹងទៅសាលាដំបូងនៃរាជធានី-ខេត្ត។
 
លោកបណ្ឌិត បន្ថែមថា និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នមានតួនាទី និងភារកិច្ចក្នុង «ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់» ក៏ទទួលពាក្យបណ្តឹងពីសមាជិក ប.ស.ស. ដែលជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ផងដែរ ក្នុងករណីដែលមានវិវាទណាមួយ មិនអាចទទួលបានការដោះស្រាយសមរម្យ និងពេញចិត្តពីមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)។
 
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់ជា ខ្លាំងក្នុងការផ្តល់កិច្ចគាំពារនានាជូនដល់ពលរដ្ឋក៏ដូចជាយន្តការ អភិបាលកិច្ចក្នុងប្រព័ន្ធគាំពារសង្គម។ ក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុស្សសាសន៍បន្ថែមមួយចំនួន ដល់និយ័តករសន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារ និយ័តកម្ម និងត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវភាពរឹងមាំ និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញរបស់សមាជិក ក្នុងរយៈពេលវែង។

បន្ថែមលើនេះ សម្តេចមហាបវរធិបតី ក៏ជាជំរុញលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ក្នុងរណីមានគ្រូពេទ្យរូបណាមិនយកចិត្ដទុកដាក់នៅពេលប្រើប្រាស់បណ្ណប.ស.ស. ឬបណ្ណសមធម៌ជាដើម ព្រោះគ្មានការរើសអើងលើការប្រើប្រាស់បណ្ណទាំងនេះទេ៕