(ភ្នំពេញ)៖ លោក អ៊ី រិន អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់លោក ជួន ​សុជាតិ ភ្នាក់ងារ Fresh News ប្រចាំតុលាការឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាតិចិនមួយក្រុម ដែលពាក់ព័ន្ធករណីបាញ់បោះនៅទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធខុសច្បាប់»

លោក វ៉ិត មៈឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីបាញ់បោះដោយក្នុងនោះរួមមាន៖

*ទី១៖ ឈ្មោះ តឹង​ ​ធានមីង​ (DENG TIAN MING) ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»​
*ទី២៖ ​ឈ្មោះ​ ហាន​ ឆុង​ (HAN CHONG) ពីបទ «ជួញដូរអាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»
*ទី៣៖ឈ្មោះ​ ជូ​ តាឈុន​ (ZHU DA CHUN)​ ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»
*ទី៤៖ ឈ្មោះ​ លាវ​ យ៉ុងជៀ​ (LIU YONGJIE) ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»
*ទី៥៖ ឈ្មោះ​ លី​ ចេីយាន​ (LI ZIYUAN)​ ពីបទ «សមគំនិតក្នុងអំពេីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងសមគំនិតក្នុងអំពេីប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត» និងបក្ខពួកពីបទ​ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត»

សូមរំលឹកថា ទាំងខ្មាន់កាំភ្លើងជនជាតិចិន និងបក្ខពួកសរុប៥នាក់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នាស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធករណីបាញ់បោះនៅអគាររតនៈសម្បត្តិ ដែលមានទីតាំងស្ថិតនៅអគាររតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការជាបន្ដបន្ទាប់រហូតឈានបង្ក្រាបបានជនដៃដល់ និងបក្ខពួកទាំង៥នាក់នេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

វត្ថុតាងចាប់យក អាវុធវែង ម៉ាក AK47 ចំនួន២ដើម, គ្រាប់កាំភ្លើងប្រភេទ AK មិនទាន់ផ្ទុះ ចំនួន១គ្រាប់, ការ៉ុង ពណ៌ស ចំនួន១, អាវុធខ្លីគ្មានម៉ាក (ក្លែងក្លាយ) ចំនួន១ដើម និងគ្រាប់ចំនួន៣គ្រាប់ (ជ័រ), គ្រាប់អាវុធវែង និងខ្លី សរុបចំនួន៥៩គ្រាប់, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AC-7210 ចំនួន១គ្រឿង, រថយន្តម៉ាក TOYOTA LEXUS RX330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AH-2304 ចំនួន១គ្រឿង។

ទាក់ទិនករណីនេះ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារដែលបង្កដោយជនជាតិចិន នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកអគ្គរដ្ឋទូតដែលមានរហ័សនាម អ្នកចម្បាំងចចករូបនេះ ក្រៅពីការថ្កោលទោសចំពោះជនបង្កដែលជាជនជាតិរបស់ខ្លួនហើយនោះ ក៏បានបង្ហាញនូវគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះក្រុមជនល្មើសផងដែរ៕