(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការ ជាមួយសមាគមវប្បធម៌កូរ៉េ (KCA) រួមជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃកម្ពុជា រៀបចំព្រឹត្តិការណ៍សំខាន់ៗរួមមាន កម្មវិធីពិព័រណ៍សិល្បៈ ការថតរូប និងថតវីដេអូ ព្រមទាំង ការបរិច្ចាគថវិកាដល់សហគមន៍ ចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាន បង្ហាញថា៖
១៖ កម្មវិធីពិព័រណ៍សិល្បៈ៖ ពិព័រណ៍សិល្បៈនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០-២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសារមន្ទីរជាតិអង្គរ ដើម្បីបង្ហាញការតាំងពិព័រណ៌បេតិកភណ្ឌវប្បធម៌ជាតិ និងស្នាដៃរបស់វិចិត្រករ និងសិប្បករជនជាតិកូរ៉េល្បីៗ រួមមានគំនូរដែលបង្ហាញអំពីទឹកដីកម្ពុជា និងស្នាដៃសិល្បៈថ្នាក់ជាតិ ដែលបង្ហាញឱ្យស្គាល់ពីប្រទេសកូរ៉េ តាមរយៈបច្ចេកទេសប្រពៃណីកូរ៉េ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីចំណេះដឹងសង្គម និងវប្បធម៌ ខណៈពេលដែលមានការអបអរសាទរបេតិកភណ្ឌរួមគ្នារវាង ប្រជាជាតិទាំងពីរ។
២៖ ការថតរូប៖ ការថតរូប និងវីដេអូ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណ វង់តូច ក្នុងនោះ មានប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដោយមានការស្លៀកសម្លៀកបំពាក់ដែល ជាការច្នៃម៉ូតពីអ្នករចនាម៉ូតដ៏ល្បីល្បាញលើពិភពលោក គឺលោក LIE SANG BONG ព្រមទាំងក្រុម រចនាម៉ូត Kora Hanbok Diplomatic Mission ដែលរចនាសម្លៀកបំពាក់ប្រពៃណីឈានមុខគេរបស់ ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។
៣៖ ការបរិច្ចាកថវិកា៖ ក្រៅពីកម្មវិធីទាំងពីរខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹង រៀបចំកម្មវិធីសប្បុរសធម៌នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសកុមារកំព្រា តាមរយៈការផ្តល់ ជំនួយផ្នែកអប់រំ និងសុខាភិបាល ។ ក្នុងឱកាសនោះដែរ ថវិកា និងសម្ភារៈផ្សេងៗនឹងត្រូវប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕