(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តាំផ្ញើដល់មគ្គុទ្ទេសក៍ទេសចរណ៍ថា ក្រសួងទេសចរណ៍នឹងបន្តពង្រឹងយន្តការត្រួតពិនិត្យរាល់សកម្មភាព អសកម្មទាំងទ្បាយដែលអនុវត្តប្រាសចាកពីក្រមសីលធម៌ និងក្រមប្រតិបត្តិជាធរមាន។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់មគ្គទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយដោយប្រើយុទ្ធសាស្ត្រ «ឈ្នះឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអគ្គនាយកគ្រឹះស្ថានអង្គរ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកស្រីប្រធានសមាគមទេសចរណ៍កម្ពុជា មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបចំនួន២៥០រូប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងទេសចរណ៍មានរយៈពេល៥ខែ២ថ្ងៃ លោករដ្ឋមន្ត្រីបានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦យោង «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ មគ្គទ្ទេសក៍ទេសចរណ៍តែងតែបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដើរតួនាទីជាទូតនាំសារដ៏សំខាន់របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក ព្រមទាំងជាអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា មូលដ្ឋានគ្រឹះសំខាន់នៃការអភិវឌ្ឍវិស័យទេសចរណ៍ គឺកត្តាសុខសន្តិភាពដែលរកបានដោយកម្រ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ស្ថិរភាពនយោបាយ ត្រូវបានរក្សាការពារយ៉ាងគត់មត់នូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្ម (ទាំងក្នុងចំណោមគណបក្សនយោបាយ និងសាសនា)។
លោករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ផ្តាំផ្ញើ មួយចំនួនដល់មគ្គុទ្ទេសក៍ទេសចរណ៍អនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើសកម្មភាពអាជីវកម្មក្នុងន័យបង្កើនកិត្តិនាមជាតិ និងចូលរួមលើកស្ទួយតម្លៃនៃជាតិសាសន៍ខ្មែរ និងភាពជាខ្មែរ ជាមួយនឹងការផ្តល់ការសម្រួលផ្សេងៗជូនមគ្គុទ្ទេសក៍ ក្រសួងទេសចរណ៍នឹងបន្តពង្រឹងយន្តការត្រួតពិនិត្យរាល់សកម្មភាព អសកម្មទាំងទ្បាយដែលអនុវត្តប្រាសចាកពីក្រមសីលធម៌ និងក្រមប្រតិបត្តិជាធរមាន។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីស្នើឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ចូលរួមជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ពង្រឹងគុណភាពផ្តល់សេវាកម្មរបស់សមាជិកខ្លួន និងលើកទឹកចិត្តឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមិនទាន់ជាសមាជិកនៃសមាគមណាមួយ អាចពិចារណាចូលរួមជាសមាជិកសមាគម ដើម្បីទទួលបានផលប្រយោជន៍ជារួម និងស្នើឱ្យលោក លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ ចូលរួមផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព ពិសេសតាមបណ្តាញសង្គមនានា ដើម្បីបង្កើនកិត្តិនាម និងមុខមាត់របស់កម្ពុជា៕