(កណ្ដាល)៖ កម្ពុជា-ហ្វីលីពីន គ្រោងនឹងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច, លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «ស្ថានទូតហ្វីលីពីន បានជួយទាក់ទាញ់ សាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីន ដើម្បីចូលសហការជាមួយខាងយើង (កម្ពុជា) [...] យើងបានចុះ MoU រួចហើយ យើងនឹងបញ្ជូនការងារនេះ ចំពោះអ្នកចង់រៀនសូត្រ ក្នុងការជួសជុលយន្ដហោះ»។
បន្ថែមពីនោះទៀត លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា ក្នុងពេលខាងមុខនេះ កម្ពុជានឹងមានការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះនោះ នៅក្នុងសាកលវិទ្យាល័យ ខេមតិច ប៉ុន្តែលោកមិនទាន់ដឹងថា សាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។
ចំពោះឯកអគ្គរដ្ឋទូតអូស្ត្រាលីវិញ, លោកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា លោក Derek Yip បានសន្យាថា នឹងជួយផ្សព្វផ្សាយពីកម្ពុជា និងជួយទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុនអាកាសចរណ៍ រួមនឹងក្រុមហ៊ុនបម្រើសេវាកម្មទាំងអស់ បាននិងកំពុងតែរៀបចំ និងត្រៀមខ្លួន ដើម្បីដំណើរការ ទៅតាមផែនការក្នុងការបើកជាផ្លួវការ នៅក្នុងខែកក្កដា ខាងមុខនេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការងារចុងក្រោយ ដែលនៅសេសសល់ គឺជាការងារតិចតួច ចិបចុបច្រើន ប៉ុន្តែក្រុមការងារកំពុងតែញាប់ដៃ ញាប់ជើង ដើម្បីបំពេញការងារ ដែលនៅសេសសល់ ដើម្បីឈានដល់ការបញ្ចប់ទាំងស្រុង។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ មិនត្រឹមតែរៀបចំដើម្បីទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ គឺមានតាំងពីភោជនីយដ្ឋាន ការលក់វត្ថុអនុស្សាវរីយ៍ -ល-និង -ល- មិនតែប៉ុណ្ណោះ ខាងព្រលាន ក៏មានការរៀបចំជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវផងដែរ។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១៕