(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌និងទេសចរណ៍ចិន នឹងរៀបចំព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍នេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈថ្នាក់ជាតិរួមគ្នាកម្ពុជា-ចិន ការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណនិងប្រពៃណីកម្ពុជា-ចិន រួមជាមួយកម្មវិធីសំខាន់ៗមួយចំនួនទៀត។

ព្រឹត្តិការណ៍នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជារួមចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងជាឱកាសក្នុងការផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អរួមចំណែកដល់ការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» និងដើម្បីជាការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។

ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សារព័ត៌មានជាតិ-អន្តរជាតិ សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ឱ្យបានទូលំទូលាយ៕