(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យ លើការងារភស្ដុភារ សម្ភារបច្ចេកទេស នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកវរសេនីយ៍ឯក វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត ប្រធានមន្ទីរ និងនាយ នាយរងការិយាល័យ ចំណុះមន្ទីរសម្ភារបច្ចេកទេស ជាច្រើនរូបផងដែរ។
ក្នុងប្រជុំត្រួតពិនិត្យ សម្ភារបច្ចេកទេសនោះ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានលើកយកចំណុចសំខាន់ៗ មកធ្វើការផ្សព្វផ្សាយដល់ កងកម្លាំងមន្ទីរសម្ភារបច្ចេកទេសទាំងអស់ ឲ្យបានយល់ដឹងអំពី ការងារផ្គត់ផ្គង់ចិញ្ចឹមទ័ព ការងារសាងសង់ ជួសជុលជំរុំជម្រក ការងារថែទាំសុខភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសម្ភារបរិក្ខា ការងារគ្រឿងបំពាក់ ការងារបច្ចេកទេស និងការងារបញ្ជូនសារជាដើម។
លោកឧត្តមសេនីយ៍ឯក ក៏បានធ្វើការផ្តាំផ្ញើ ដល់កម្លាំងជំនាញទាំងអស់ ដែលបានចូលរួមប្រជុំថ្ងៃនេះ ត្រូវបន្តការងារថែទាំសមិទ្ធិផល និងសម្ភារដែលមានឲ្យបានល្អប្រសើរ។
លោកថា នៅគ្រប់បញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវបន្តយកចិត្តទុកដាក់ លើការងារចិញ្ចឹមទ័ព សុខភាព អនាម័យ ដល់នាយនាយរង និងពលអាវុធហត្ថ ក្នុងអង្គភាព បន្តលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរមួយកំរិតថែមទៀត។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា កម្លាំងជំនាញមន្ទីរភស្តុភា បច្ចេកទេសទាំងអស់ ត្រូវចេះថែរក្សាយានយន្ត ឲ្យបានល្អដើម្បីធានា ក្នុងការប្រតិបត្តិការ និងត្រូវថែរក្សាដុះខាត់អាវុធ គ្រាប់ ឲ្យបានល្អផងដែរ៕