(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជីវករជី និងថ្នាំកសិកម្មជាង១០០នាក់ និងមន្ត្រីកសិកម្មឃុំចំនួន២០នាក់ មកពីខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពត និងខេត្តកែប បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

ក្នុងពិធីនេះ រដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានលើកឡើងអំពីសមិទ្ធផលថ្មីៗ​ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោល នយោបាយអាទិភាពទី៥ និងទី៦ របស់រាជ​រដ្ឋាភិបាល ដែលផ្តោតលើការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងយន្តការរក្សាលំនឹងថ្លៃកសិផលគន្លឹះ​ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងមន្រ្តីទាំងអស់ក្នុងការចុះជួយដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។

ទន្ទឹមនឹងការលើកទឹកចិត្តឱ្យបងប្អូនអាជីវករ​ទាំងអស់ជួយពន្យល់ដល់កសិករអំពីការ​ប្រើប្រាស់ជី និងថ្នាំកសិកម្មសមស្រប​តាមបច្ចេកទេសដើម្បីចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិត លោកក៏បានណែនាំឱ្យបងប្អូនអាជីវករដែលមានដ្រូន​ប្រើប្រាស់ ឱ្យទៅបំពេញព័ត៌មាននៅស្នងការដ្ឋាននគរបាល និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ ជាពិសេសនៅពេលជួលឱ្យអ្នកដទៃ ដើម្បីចៀសវាងការបង្កអសន្តិសុខសង្គម និងការ​ប្រព្រឹត្តបទល្មើសនានា។

អាជីវករទាំងអស់ រីករាយដែលបានទទួលចំណេះដឹង និងព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងគោលនយោបាយក្នុងការជំរុញអភិវឌ្ឍ​វិស័យកសិកម្ម និងប្តេជ្ញាចូលរួមជាមួយរាជ​រដ្ឋាភិបាល និងក្រសួងកសិកម្មក្នុងការចែក​រំលែកព័ត៌មានល្អៗ និងវិជ្ជមានដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្ម៕