(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងមន្ត្រីរាជការជាច្រើននាក់ បានអញ្ជើញចូលរួមពិធីដាំកូនឈើជាមួយ គណៈប្រតិភូក្រុមការងារវិទ្យាសាស្រ្ត វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ បរិស្ថាន (NIDA) នៃខេត្តចាន់បុរី ប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ដែលស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ចាំ លូងភូនបូន ប្រធានគ្រប់គ្រងវិទ្យាសាស្រ្ត វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍បរិស្ថាន ខេត្តចាន់បុរី ប្រទេសថៃ បានឲ្យដឹងថា ក្នុងឱកាសកានទុក្ខដ៏ក្រៀមក្រំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីថ្ងៃព្រហស្បតិ៍ទី១៣ តុលា ឆ្នាំ២០១៦ ក្នុងព្រះជន្ម៨៨វស្សា ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានជាតិ នៃរដ្ឋបាលអភិវឌ្ឍន៍ បរិស្ថាននៃខេត្តចាន់បុរី ប្រទេសថៃនាំយកកូន ចំនួន៧៥ដើម សំរាប់ដាំនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនដើម្បីជានិមិត្តរូបនៃកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ជាមួយគ្នានេះ លោក កើត សុធា បានថ្លែងនូវអំណរគុណយ៉ាងជ្រាវជ្រៅដល់ លោក ចាំ លូងភូនបូន និងគណៈប្រតិភូទាំងអស់ ដែលបាននាំយកកូនឈើមកដាំនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិននៅពេលនេះក្នុងគោលបំណងធ្វើឲ្យបរិស្ថានប្រសើរឡើង។ ដូច្នេះសិស្សានុសិស្ស និងលោកអ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងបែ្រងថែរក្សាការពារកូនឈើ ដែលបានដាំរួចឲ្យបានគង់វង្សដើម្បីឲ្យក្មួយៗ ជំនាន់ក្រោយស្គាល់ និងជាពិសេសចូលរួមចំណែក ការពារការបំរែបំរួលអាកាសធាតុនៅពេលថ្ងៃអនាគតផងដែរ។
លោកក៏បានសង្ឃឹមថា តាមរយះការដាំកូនឈើពេលនេះ គឺជានិមិត្តរូបនៃការទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងថា្នក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តចាន់បុរីកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។
លោក កើត សុធា ក្នុងនាមជាថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តប៉ៃលិន ក៏បានសម្តែងនូវ ការចូលរួមរំលែកទុក្ខនិងសោកសង្រេងជាទីបំផុតជាមួយប្រជាជនថៃ ចំពោះការបាត់បង់ដ៏ធំធេង ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងសូមបួងសួងសូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕