(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៤ ផ្លូវជនបទដែលមានក្នុងបញ្ជីសារពើភណ្ឌ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រវែងសរុប ៥០ ២៦២ គ.ម.។ នេះបើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
អង្គសន្និបាតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងជនបទ និងទីក្រុង ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
គិតត្រឹមឆ្នាំ២០២៤ ផ្លូវជនបទដែលមានក្នុងបញ្ជីសារពើភណ្ឌ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រវែងសរុប ៥០ ២៦២ គ.ម. ក្នុងនោះផ្លូវក្រាលកៅស៊ូមាន ប្រវែង ៦ ៧២៣ គ.ម. ផ្លូវបេតុងមានប្រវែង ១ ៨០៤ គ.ម. ផ្លូវដីសមានប្រវែង ១០ ០២៩ គ.ម. ផ្លូវល្បាយក្រសមានប្រវែង ៣១ ៧០៤គ.ម. និងផ្លូវដីសប្រវែង ១០ ០២៩គ.ម.។
អង្គសន្និបាតបានអបអរសាទរ និងវាយតម្លៃខ្ពស់លើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅប្រកបដោយផាសុកភាព និងមានបរិស្ថានរស់នៅស្អាត ដោយអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅតំបន់ជនបទកើនដល់ប្រមាណជាង ៨៦% ការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាពនៅតំបន់ជនបទកើនដល់ ២១% ការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានប្រមាណជាង ៩១% និងការគ្រប់គ្រងអនាម័យជនបទ ប្រកបដោយសុវត្ថិភាពប្រមាណជាង ៥១%។
អង្គសន្និបាតបានវាយតម្លៃខ្ពស់លើសកម្មភាពធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដែលសម្រេចបាននូវវឌ្ឍនភាពខ្ពស់ ក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលភាគច្រើនរស់នៅតំបន់ជនបទ៕