(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍៩ចំណុច ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទកាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ស្របតាមចក្ខុវិស័យដែលបានកំណត់។

ទីមួយ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបញ្ចប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដែលជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ជំរុញការអនុវត្តការងារលើវិស័យ អភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើ៖ ១-ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ២-ការលើកកម្ពស់ការទទួលបានសេវា ទឹកស្អាត និងអនាម័យជនបទ ៣-ការបណ្តុះបណ្តាលជំនាញអាជីព ៤-ការបង្កើតការងារ និងមុខរបរសមស្រប ៥-ការអភិវឌ្ឍសហគមន៍ និងភូមិគំរូ ៦-ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ៧-ការបណ្តុះគំនិតនវានុវត្តន៍ ៨-ការបង្កើនភាពប្រកួតប្រជែងផលិតកម្ម និង៩-ការពង្រឹងគោលនយោបាយ និងផ្សព្វផ្សាយតាមផ្ទាលឌីជីថល។

ទីពីរ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ដើម្បីធានាបាននូវចីរភាពនៃការប្រើប្រាស់ និងឆ្លើយតបទៅនឹងបរិបទ និងតម្រូវការជាក់ស្តែងនៅតំបន់ជនបទតាមរយៈ ការស្ថាបនា កែលម្អ លើកកម្រិតគុណភាព ថែទាំ ជួសជុល ក៏ដូចជាខិត ខំសិក្សាស្រាវជ្រាវស្វែងរកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការងារសាងសង់ផ្លូវជនបទដែលធន់នឹងការប្រែប្រួល អាកាសធាតុ។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវពង្រឹងបន្ថែមលើតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ទីរពិសោធន៍ក្នុងការធ្វើពិសោធសម្ភារៈសំណង់ដូចជាគុណភាពដី ថ្ម បេតុង ដែក កៅស៊ូ ខ្សាច់ ដើម្បីធានាគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យនានាឱ្យស្របតាមស្តង់ដារ និងបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តដែលជាប្រយោជន៍សម្រាប់សាធារណជនប្រើប្រាស់ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពខ្ពស់។

ទីបី៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្ត៖១-សិក្សាបទដ្ឋានបច្ចេកទេស ២-រៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវ ៣-តាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដោយសហការជាមួយត្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍឱ្យមានភាពធន់នូវបណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងអស់ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវថ្នល់ ទឹកស្អាត និងអនាម័យនៅកម្ពុជា។

ទីបួន៖ បន្តលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យរបស់ប្រជាជននៅតាមជនបទ តាមរយៈការពង្រឹងលើការអនុវត្តយន្តការដែលមានស្រាប់ ដើម្បីឈានទៅសម្រេចបានអត្រាគ្រប់ដណ្តប់ជាមូលដ្ឋាន ទាំងទឹកស្អាត និងទាំងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្រប តាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងបន្តជំរុញអត្រាគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យកាន់តែ ប្រសើរឡើង។

ទីប្រាំ៖ បន្តជំរុញនិងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាល ជំនាញមូលដ្ឋាន ជំនាញវិជ្ជាជីវៈដូនតា ជំនាញបំណិនជីវិតដើម្បីបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាព សេដ្ឋកិច្ចនានា និងជំរុញការអភិវឌ្ឍសហគមន៍ ជាពិសេសផ្តោតសំខាន់ទៅលើការអភិវឌ្ឍភូមិគំរូដោយផ្អែកទៅលើសក្តានុពល និងអំណោយផលខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ទេសចរណ៍ កសិកម្មនៃសហគមន៍នីមួយៗ។

ទីប្រាំមួយ៖ បន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដោយត្រូវពង្រឹងការអនុវត្តយន្តការត្រី-វិស័យ ស្តីពីកសិកម្ម-ទឹក-ជនបទ តាមរយៈការ សម្របសម្រួលវិស័យទាំង៣ ប្រកបដោយសហថាមពលរវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករ ប្រើប្រាស់ទឹក និងភូមិគំរូក្នុងគោលដៅលើកកម្ពស់ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ឱ្យកាន់តែប្រសើរឡើង។

ទីប្រាំពីរ៖ បន្តបង្កើននិងពង្រឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរឡើងថែមទៀតដោយយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងចាត់តាំងមន្ត្រីឱ្យស្របតាមគុណាធិបតេយ្យ ក្នុងគោលដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព ដើម្បីចូលរួមឱ្យសកម្មក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងឯកសារគតិយុត្តនានារបស់រាជរដ្ឋាភិបាលក្នុងបរិបទឌីជីថល។

ទីប្រាំបី៖ បន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធានទាំងហិរញ្ញវត្ថុ បច្ចេកទេស និងបទពិសោធន៍ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ដើម្បី ចូលរួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ទីប្រាំបួន៖ បន្តបញ្ចប់ការវិភាគមុខងារនិងបន្តចូលរួមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។

ដើម្បីគាំទ្រអនុសាសន៍របស់លោក សុខ ចិន្តាសោភា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ ដូចតទៅ៖

ទី១- បន្តអនុវត្តអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយត្រូវពង្រឹង ៧០% និងពង្រីក ៣០% នៃការបន្តស្ថាបនា លើកកម្រិត កែលម្អ ជួលជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានា ប្រសិទ្ធភាព និងនិរន្តរភាពក្នុងការប្រើប្រាស់ផ្លូវជនបទ និងសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។

ទី២- បន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយជំរុញ និងពន្លឿនអត្រា គ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទជាមូលដ្ឋានឱ្យបាន ១០០% នៅក្នុងក្របខណ្ឌទូទាំងប្រទេស នៅឆ្នាំ២០៣០ និងបង្កើនអត្រាគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យកាន់តែប្រសើរឡើង។

ទី៣- ពង្រីកសកម្មភាពពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈ ការបណ្តុះបណ្តាលជំនាញ មូលដ្ឋាន ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ ជាពិសេសជំរុញការងារអភិវឌ្ឍភូមិគំរូ និងពង្រឹងតួនាទីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ ព្រមទាំងអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។

ទី៤- បន្តយកចិត្តទុកដាក់និងគាំទ្រលើការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងស្ថាប័ន និងសមត្ថភាពរបស់មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕