(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលក់រថយន្ដមួយគ្រឿង ម៉ាក Toyota Land Cruiser ឆ្នាំ២០១០ ឡើងស៊េរីឆ្នាំ២០២២ ក្នុងតម្លៃ៣១០០០ដុល្លារ ដែលប្រើប្រាស់ឯកសារក្លែងក្លាយ។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដឹងរបស់ឈ្មោះ សូល រិទ្ធ អាយុ៣៦ឆ្នាំ ដែលបាននាំឈ្មោះ សែម ម៉ាប់ ស្នាក់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងប្ដឹងជនសង្ស័យ ស្ដីពីករណីឆបោក។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយកម្លាំងជំនាញសួរនាំទៅលើជនសង្ស័យ ដោយជនសង្ស័យទទួលស្គាល់ថាខ្លួនពិតជាបានលក់រថយន្តដោយប្រើប្រាស់ឯកសារក្លែងក្លាយហើយ លោកបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលបានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តផងនោះ ទើបមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះភ្លាមៗតែម្ដង ហើយកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់កាបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕