(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមជាកិត្តិយសពីសំណាក់សមាជិករាជរដ្ឋាភិបាល តំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ ភ្លៀវកិត្តិយសជាតិ អន្ដរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន៧៩៥នាក់ នៅទីស្ដីការក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ដ្រី ឆាយ ប្ញទ្ធិសែន បានអានសុន្ទរកថាស្វាគមន៍ជូនគណៈអធិបតី និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជាការបន្តវេនជាប្រវត្តិសាស្រ្តពី សម្តេចតេជោ បិតាស្ថាបនិកសន្តិភាព និងជាអតីតនាយករដ្ឋាមន្ត្រីកម្ពុជា ស្ថាបនិកមគ្គទេសក៏នៃឯកនយោបាយឈ្ន-ឈ្នះ បាននិងកំពុងបន្តដឹកនាំថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជូនជាតិ និងប្រជាជន។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីបានធ្វើរបាយការណ៍បូកសរុបលទ្ធផលសន្និបាត ដែលបានដំណើរការរយៈពេលកន្លង១ថ្ងៃកន្លះមក ដោយបានបង្ហាញនូវសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

លោករដ្ឋមន្រ្ដីក៏បានលើកឡើងអំពីយុទ្ធសាស្ដ្រ និងទិសដៅបន្តរបស់ក្រសួង សម្រាប់ឆ្នាំ២០២៥ ចំនួន ៥ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដែលមានចក្ខុវិស័យកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងគោលដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក និងបានឯកភាពជាមួយទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួង ដែលជាមូលដ្ឋានចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពី ការរីកចម្រើនយ៉ាងរហ័សនៅតំបន់ជនបទកម្ពុជានាពេលពេលបច្ចុប្បន្នលើគ្រប់វិស័យ ជាពិសេសមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាប្រកបដោយគុណភាព, មានទឹកស្អាតប្រើប្រាស់, មានអនាម័យល្អប្រសើរ, មានមុខរបរ, មានសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព ដែលលទ្ធផលទាំងនេះជាចំណែកដ៏សំខាន់នៃការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកឧបនាយករដ្ឋមន្រ្តីបានផ្ដល់អនុវសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ស្របតាមចក្ខុវិស័យដែលបានកំណត់៕