(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៦នេះតទៅ ប្រទេសកម្ពុជា នឹងពុំមានការចម្លងករណីជំងឺព្រូនអំបោះ ឬព្រូនជើងដំរីថ្មីទៀតទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។
ការប្រកាសរបស់ក្រសួងសុខាភិបាល បានធ្វើឡើង ក្រោយពីអង្គការសុខភាពពិភពលោក បានប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ការខិតខំ ប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការលុបបំបាត់ជំងឺព្រូនអំបោះ (ជំងឺជើងធំដូចជើងដំរី) ឫព្រូនជើងដំរី (ហ្វីឡារីយ៉ាស៊ីស) បានទាំងស្រុង។
វិញ្ញាបនបត្រនេះ បានប្រគល់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ស៊ីន យុងស៊ូនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីភិកខាងលិច និងវត្តមានលោកស្រី ម៉ាហ្គារែត ចាន់ អគ្គនាយកអង្គការសុខភាពពិភពលោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ ពិធីប្រគល់នេះ មានការចូលរួមពីប្រទេសជាសមាជិកចូលរួមទាំងអស់៣៨ប្រទេស នៅកាលរិយាល័យអង្គការសុខភាពពិភពលោកប្រចាំ តំបន់ប៉ាស៊ីហ្វិកខាងលិច នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
យោងតាមសេចក្តីប្រកាសដដែលបានឲ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការអនុវត្តសកម្មភាពរបស់ ក្រសួងសុខាភិបាល កម្មវិធីលុបបំបាត់ជំងឺព្រូនអំបោះ ឬព្រូនជើងដំរី បានចាប់ផ្តើមធ្វើការងារលុបំបាត់ទៅតាមមគ្គុទេសក៍ណែនាំរបស់អង្គការសុខភាពពិភពលោក តាំងពីឆ្នាំ២០០៤។
គួរបញ្ជាក់ថា ជំងឺព្រូនអំបោះ ឫព្រូនជើងដំរី បង្កឡើងដោយពពួកព្រូនដង្ហូវ ដែលធ្វើឲ្យជើងហើមធំដូចជើងដំរី ដោះធំ ឬពងស្វាសធំ តាមរយៈមូសប្រភេទ អាណូហ្វែល ដែលប៉ះពាល់ដល់ប្រព័ន្ធឡាំហ្វាទិក៕