(ក្រចេះ)៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បាននិមន្តចូលរួមពិធីផ្សព្វផ្សាយសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ នៅទូទាំងខេត្តក្រចេះ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណគណៈមហានិកាយខេត្តក្រចេះ និងព្រះក្រចេះធម្មគន្ធាភិរម្យមុនី អ៊ួច រិទ្ធិក្រៃ ព្រះរាជាគណៈកិត្តិយស និងជាព្រះចក្កវរគុណ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តក្រចេះ ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តក្រចេះស្តីទី
ពិធីនោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃសាលាគណខេត្ត ព្រះអនុគណក្រុង ស្រុក ព្រមទាំងសហការី ព្រះចៅអធិការ មន្ត្រីសង្ឃគ្រប់ឋានានុក្រម លោកប្រធាន អនុប្រធាន និងមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្ត ដែលប្រព្រឹត្តទៅនៅវត្តបុទុមរង្សី (វត្តក្រគរ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះផងដែរ។
សូមរំលឹកថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ-សៅរ៍ ៦-៧-៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ។
ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ រយៈពេល៣ថ្ងៃនេះ បានពិភាក្សាយ៉ាងផុសផុលទៅលើរបាយការណ៍ បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយ ទិសដៅអនុវត្តបន្ត សំណើ និងអនុសាសន៍ផ្សេងៗ។ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានឯកភាពសម្រេចដាក់ចេញនូវសង្ឃប្រកាស ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍិតាមរយៈវគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច។
២៖ រៀបចំយន្តការនិងនីតិវិធីនៃអាសនានុក្រមសម្រាប់មន្ត្រីសង្ឃ និងការរៀបចំសំណង់ ចេតិយ៍ ផ្នូរ និងម៉ុងក្នុងវត្តអារាម។
៣៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម មានកាតព្វកិច្ចរៀបចំអប់រំបព្វជិត ភិក្ខុ សាមណេរ ដែលបួសក្នុងសំណាក់ពុទ្ធសាសនាឱ្យស្ថិតក្នុងគោលការណ៍៣គឺ៖
- ព្រះបរិយត្តិសាសនា បានដល់ការរៀនសូត្រពុទ្ធវចនៈ ដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក ព្រមទាំងវិជ្ជាផ្លូវលោកវិជ្ជាផ្លូវធម៌ តាមរយៈពុទ្ធិកសិក្សាគ្រប់កម្រិត
- ព្រះបដិបត្តិសាសនា បានដល់ការបដិបត្តិសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាន សីល សមាធិ បញ្ញា ឱ្យស័ក្តិសមជាសមណៈ។ ភិក្ខុសង្ឃត្រូវចូលរួមធ្វើឧបោសថកម្មរៀងរាល់២ដងក្នុងមួយខែឱ្យបានគត់មត់ ដោយឡែកសាមណេរត្រូវសមាទានសីលរៀងរាល់៤ដង ក្នុងមួយខែ ដើម្បីញ៉ាំងសីលរបស់ខ្លួនឱ្យល្អបរិសុទ្ធគួរជាទីជ្រះថ្លា
- ព្រះបដិវេធសាសនា បានដល់ការសម្រេចបាននូវប្រយោជន៍ទាំងបីគឺ ទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថប្រយោជន៍ និងបរមត្ថប្រយោជន៍។
៤៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រមបន្តពង្រឹង និងពង្រីកសាលាធម្មវិន័យ និងពុទ្ធិកសិក្សាតាមរយៈការរៀបចំយន្តការគាំទ្រ និងលើកទឹកចិត្ត ទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងចាត់ទុកពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។
៥៖ បង្កើតយន្តការតាមដាន ត្រួតពិនិត្យការអនុវត្តសង្ឃប្រកាស និងគ្រប់គ្រងសណ្តាប់ធ្នាប់សង្ឃ សំដៅលើកកម្ពស់គុណតម្លៃបព្វជិតពុទ្ធសាសនាឱ្យតាំងមាំក្នុងត្រៃសិក្ខា។ ការបំបួសកុលបុត្រ ព្រះឧបជ្ឈាយ៍ត្រូវធ្វើឱ្យស្រប តាមច្បាប់រដ្ឋនិងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិ អនុញ្ញាត ដែលមានគម្ពីរព្រះត្រៃបិដកជាគោល។
៦៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ រួមមាន ការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈ ឱ្យបានជ្រួតជ្រាបដល់សាធារណជននិងការជួយ ឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងសម្ភារៈ ដល់ជនគ្មានទីពឹង ជាពិសេសចំពោះបរិស័ទ ដែលជួបគ្រោះមហន្តរាយផ្សេងៗ៕