(វ៉ាស៊ីនតោន)៖ តើអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅអឺរ៉ុបបានដល់ទីបញ្ចប់ហើយឬ? ការចោទសួរនូវសំណួរបែបនេះកើតមានឡើង បន្ទាប់ពីមានព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយចំនួន២ បានកើតឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ដែលត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថានឹងកែប្រែទំនាក់ទំនងអន្តរអាត្លង់ទិក ឬទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ព្រឹតិ្តការណ៍ទាំង២ នោះគឺ កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ដូណាល់ ត្រាំ ជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជុំវិញផែនការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន និងយល់ព្រមថានឹងជួបគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗ។ ទី២ នោះគឺការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដែលបានប្រាប់ឱ្យមេដឹកនាំអឺរ៉ុបថាសហរដ្ឋអាមេរិកលែងអាចផ្ដោតជាអាទិភាពលើសន្តិសុខអឺរ៉ុប តទៅទៀតឡើយ។
ព្រឹត្តិការណ៍ទាំង២ខាងលើប្រៀបដូចជាការគូសបញ្ជាក់ពីនយោបាយ «America First» របស់លោក ដូណាល់ ត្រាំ និងនិន្នាការរបស់លោកដែលចង់ប្រែក្លាយបញ្ហាគ្រប់យ៉ាង រួមទាំងសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្តទៅជា «លុយដុល្លារអាមេរិក ឬប្រយោជន៍អាមេរិកជាធំ»។ ម្យ៉ាងវិញទៀត ទោះជាលោក Hegseth បានធ្វើការប្ដេជ្ញាចិត្តឡើងវិញចំពោះ NATO ក៏ដោយ ក៏អ្វីដែលជាមូលដ្ឋានបានប្រែប្រួល បាត់ទៅហើយ។ អន្តរាគមន៍របស់សហរដ្ឋអាមេរិកបានទទួលជ័យជម្នះនៅក្នុងសង្រ្គាមលោកលើកទី១ និងលើកទី២ ដែលផ្ទុះឡើងក្នុងតំបន់អឺរ៉ុប ហើយក្រោយចប់សង្រ្គាម អាមេរិកបានក្លាយជាអ្នកធានា ការពារសេរីភាព និងសន្តិសុខរបស់អឺរ៉ុប នៅចំពោះមុខការគំរាមកំហែងពីអតីតសហភាពសូវៀត។ ប៉ុន្តែ លោក ត្រាំ បែរជានិយាយអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថាលោកប្រហែលជានឹងមិន ការពារសមាជិក NATO ណាដែលមិនបានបង្កើនកញ្ចប់ថវិកាយោធាគ្រប់គ្រាន់តាមដែលលោកចង់បាននោះទេ។
* អាមេរិកលែងអាចផ្ដោតលើសន្តិសុខអឺរ៉ុប
តាមពិតទៅ មានការរំពឹងទុកជាយូរមកហើយថាក្នុងអាណត្តិទី២របស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកអាចនឹងដាក់លក្ខខណ្ឌទាមទារថ្មីៗលើបណ្ដាប្រទេសជាដៃគូរបស់អាមេរិកក្នុងតំបន់អឺរ៉ុប ដែល នឹងនាំទៅរកជម្រើសដ៏ឈឺចាប់សម្រាប់រដ្ឋាភិបាលអឺរ៉ុបមួយចំនួនដែលបានជ្រើសរើសយកការចំណាយលើសង្គមកិច្ចច្រើនជាងយោធា។ អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រាប់ សភាអឺរ៉ុប កាលពីខែមករាថាបណ្ដាប្រទេសអឺរ៉ុបទាំងអស់ត្រូវតែបង្កើនកញ្ចប់ថវិកាយោធា «បើពុំដូច្នោះទេ អ្នកនឹងត្រូវរៀនភាសារុស្ស៉ី ឬក៏ត្រូវរត់ទៅនៅនូវែលសេឡង់»។
តែទោះជាបែបនេះក្ដី ការលើកឡើងរបស់ប្រមុខ NATO មិនបានធ្វើឱ្យលោក Hegseth ពេញចិត្តនោះទេ ហើយថែមទាំងលើកឡើងជាថ្មីពីការទាមទាររបស់លោក ត្រាំ ដែលចង់ឱ្យរដ្ឋជាសមាជិក NATO ទាំងអស់បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP។ ពីព្រោះថាចាប់ពីពេលនេះតទៅ សហរដ្ឋអាមេរិកលែងអាចផ្ដោតជាអាទិភាពលើសន្តិសុខអឺរ៉ុប តទៅទៀតទេ ដោយសារតែត្រូវងាកទៅផ្ដោតជាអាទិភាពលើការប្រជែងការកើនឡើងឥទ្ធិពលចិន និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក។ តាមក្រុមអ្នកវិភាគ យុទ្ធសាស្ត្រថ្មីនេះគឺមិនដូចគ្នាទៅក្ដីស្រមៃរបស់លោក ត្រាំ ដែលចង់ជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា ដើម្បីប្រែក្លាយហ្កាហ្សាឱ្យក្លាយទៅជាទីក្រុងឆ្នេរសមុទ្រមួយនោះទេ។ តែវាគឺជាប្រតិកម្មឆ្លើយតបដ៏សមហេតុផលមួយទៅនឹងការប្រែប្រួលនយោបាយ ជាក់ស្ដែង។ ណាមួយ ប្រធានាធិបតីអាមេរិកដែលគិតគូរពីគ្រោះថ្នាក់នៃភាពចន្លោះប្រហោងនៃអំណាចក្នុងតំបន់អឺរ៉ុបលែងមានទៀតហើយ រីឯប្រជាជនអាមេរិកដែលនៅមានការចងចាំពីសង្រ្គាមត្រជាក់ ប្រឆាំងសូវៀត ក៏ឈានចូលវ័យចំណាស់ទៅហើយដែរ។ លើសពីនេះទៅទៀត គូប្រជែងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងពេលសព្វថ្ងៃ គឺមានវត្តមានក្នុងតំបន់អាស៊ី មិនមែននៅអឺរ៉ុបទេ។ ដូច្នេះវាជារឿង សមហេតុផលដែលលោក ត្រាំ ចោទសួរថាតើ «ហេតុអ្វីបានជាអឺរ៉ុបនៅតែមិនអាចទទួលខុសត្រូវលើសន្តិសុខខ្លួនឯង ៨០ឆ្នាំទៅហើយចាប់តាំងពីការដួលរលំរបស់ណាហ្ស៉ី។
លោក Nicholas Dungan ជាស្ថាបនិក និងជា CEO CogitoPraxis ដែលជាក្រុមហ៊ុនពិគ្រោះយោបល់យុទ្ធសាស្ត្រមានមូលដ្ឋានក្នុងទីក្រុងឡាអេ បាននិយាយថា «របៀបវារៈរបស់លោក ត្រាំ មិនមែនជា សន្តិសុខរបស់អឺរ៉ុបនោះទេ ដូច្នេះលោក ត្រាំ គិតថាសហរដ្ឋអាមេរិកក៏មិនគួរចំណាយលុយទៅលើសន្តិសុខអឺរ៉ុបទៀតនោះដែរ»។
* ការបញ្ជូនសាររបស់លោក ត្រាំ លើបញ្ហាអ៊ុយក្រែនដែលអឺរ៉ុបមិនចង់ស្ដាប់
ការធ្វើតេស្ដលើការពិតថ្មីមួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប នោះគឺបញ្ហាអ៊ុយក្រែន។ លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែននឹងចាប់ផ្ដើម ក្នុងពេលឆាប់ៗ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោក ពូទីន។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមិនសប្បាយចិត្តទេ ដែលលោក ត្រាំ ហៅទូរស័ព្ទទៅកាន់ លោក ពូទីនជាមុន ទើបហៅទូរស័ព្ទមកលោកតាមក្រោយ។ លោក ហ្សេលេនស្គី ធ្លាប់តែស្ថិតនៅជួរមុខគេក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពាក់ព័ន្ធនឹងកិច្ចការសង្រ្គាមអ៊ុយក្រែន។ ដូនេះតាមរយៈកិច្ចសន្ទនាដាច់ដោយឡែកជាមួយលោក ពូទីន មុនជាមួយលោក ហ្សេលេនស្គី លោក ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភថារូបលោកអាចនឹងបង្កើតដំណោះស្រាយ ឬផែនការមួយដែលធ្វើឱ្យ រុស្ស៉ីពេញចិត្ត។
បន្ថែមពីលើការព្រួយបារម្ភកើតចេញពីកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន លោក Hegseth បានធ្វើឱ្យការព្រួយបារម្ភកាន់តែរីកធំឡើង។ លោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកិច្ចចរចា និងអះអាងថាការវិលត្រឡប់ទៅរកព្រំដែនរបស់អ៊ុយក្រែនមុនឆ្នាំ២០១៤ ពោលគឺមុនពេលរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ និងឈ្លានពានភាគខាងកើតអ៊ុយក្រែន ជារឿងមិនអាចទៅរួចទេ។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនក៏មិនអាចក្លាយជាសមាជិក NATO នោះដែរ ហើយកងទ័ពអាមេរិកនឹងមិនចូលរួមជាផ្នែកមួយនៃកងកម្លាំងសន្តិសុខណាមួយដើម្បីរក្សាសន្តិភាព ក្នុងករណីសង្រ្គាមត្រូវបានបញ្ចប់នោះទេ។ ក្នុងន័យនេះ ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពត្រូវធ្វើឡើងដោយកងទ័ពអឺរ៉ុបខ្លួនឯង ឬមិនមែនជាកងទ័ពអឺរ៉ុបដែលមិនស្ថិតក្រោមបេសកកម្មរបស់ NATO ឡើយ។ នេះមានន័យថាសហរដ្ឋអាមេរិក បានទុកផ្លូវក្រោយ សម្រាប់ខ្លួនឯង ដោយនឹងមិនលូកដៃ ឬធ្វើអន្តរាគមន៍ ក្នុងករណីមានជម្លោះណាមួយផ្ទុះឡើងជាមួយកងទ័ពរុស្ស៉ីនោះឡើយ។
គួរបញ្ជាក់ថា កាលពីអាណត្តិរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកក៏មានការស្ទាក់ស្ទើរដែរក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនកា្លយជា NATO ទាស់ត្រង់មិននិយាយចំៗថាអ៊ុយក្រែនមិនអាចចូល NATO តែប៉ុណ្ណោះ។ ចំណែក ការទទូចរបស់លោក ត្រាំ ដែលថាកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នឹងមិនស្លៀកឯកសណ្ឋាន NATO ក៏មិនខុសគ្នាអ្វីពីការប្រុងប្រយ័ត្នរបស់លោក បៃដិនដែរ គឺដើម្បីទប់ស្កាត់ ឬបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិកជាប់ផុងក្នុងជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន ទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប ប្រហែលជានឹងមិនអាចដូចដើមទេ តែទោះជាបែបនេះក្ដី អឺរ៉ុបនៅតែត្រូវការសហរដ្ឋអាមេរិក៕