(កំពត)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានា នៅក្នុងស្រុកអង្គរជ័យ ដែលជាអំណោយរបស់ សម្តេតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ការចុះពិនិត្យមើលសមិទ្ធផលនានា ដែលកសាងរួមមាន៖
* ផ្លូវក្រាលក្រួសក្រហមមួយខ្សែរប្រវែង៦០០ម៉ែត្រ នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ បានស្ថាបនារួចរាល់ ដែលមានប្រជាពលរដ្ឋបានប្រើប្រាស់ជាផ្លូវធ្វើដំណើរកាត់ ចំនួន២៩៩គ្រួសារដែលកំពុងរស់នៅនិងប្រើប្រាស់លើផ្លូវនេះ។
* ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ២៣០០ម៉ែត្រ នៅភូមិកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ បានស្ថាបនាផ្លូវរួចរាល់។ ផ្លូវនេះកាលពីមុនមានសភាពចោទជាខ្លាំង ជាប្រភពនៃគ្រោះថ្នាក់ចម្បង។ ផ្លូវមួយខ្សែនេះមានប្រជាពលរដ្ឋបានប្រើប្រាស់ដឹកកសិផល និងដំណាំផ្សេងៗ មកលក់នៅលើទីផ្សារប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដោយមានចំនួន៩១៥គ្រួសារ ដែលកំពុងរស់នៅអមសងខាង និងប្រើប្រាស់ផ្លូវនេះ។
លោក ហ៊ុន សុខា បានបន្តដំណើរពិនិត្យមើលសមិទ្ធផលនានាជាច្រើនទៀតដែលសាងសង់រួចរាល់ ដូចជាការសាងសង់ទ្វារទីស្នាក់កាលគណបក្សប្រជាជនកម្ពុជា ឃុំអង្គរជ័យ, ការសាងសង់រោងដាក់ម៉ូតូ និងបង្គន់អនាម័យ ជូនដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអង្គរជ័យ, រោងដាក់ម៉ូតូ ប្រក់ស័ង្កសី, ចាក់សាបមានទំហំបណ្តោយ៦ម៉ែត្រ និងទទឹក៤ម៉ែត្រ សាងសង់របងសំណាញ់លួស នៅវិទ្យាល័យវត្តអង្គរជ័យ។ សមិទ្ធផលទាំងអស់នេះ ត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
លោក ហ៊ុន សុខា បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែនមនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្តង សម្ដេចមានពេលតិចណាស់ ដើម្បីសម្រាកពីព្រោះពេលវេលាស្ទើរតែទាំងស្រុងត្រូវបានចំណាយទៅលើការងារសព្វសារពើ ដើម្បីបម្រើប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
សមិទ្ធផលទាំងនេះក៏មិនអាចសម្រេចជារូបរាងបានដែរ ប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត ការធ្វើសកម្មភាពមិនចេះនឿយហត់របស់ សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា គឺជាចលករជំរុញការអភិវឌ្ឍប្រទេស ឲ្យមានសន្ទុះទៅមុខជាលំដាប់ និងបន្តនាំឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ៕