(ភ្នំពេញ)៖ ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ទំហំ២ម៉ែត្រកន្លះ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត៤០ភាគរយ។
ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រ ចំនួន២ខ្សែ មានប្រវែង ជាង១០០០ម៉ែត្រ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិច ក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ឋផលបានជិត៤០ភាគរយ នៃគម្រោង ពោលគឺការដាក់លូបានប្រវែង ៤៣០ម៉ែត្រហើយ។
ពាក់ព័ន្ធការងារខាងលើនេះ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រ ចំនួន២ខ្សែ ប្រវែង ១១០៥ម៉ែត្រនៅផ្លូវលេខ៨០ ចាប់ពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេងស្រេង) ត្រង់ទីតាំងស្តុបលូ៥ នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ឋផលដាក់លូបានប្រវែង ៤៣០ម៉ែត្រ ត្រូវជា ៣៩% នៃគម្រោងហើយ។
លោកស្រីអ្នកនាំពាក្យបានបន្តថា គម្រោងនេះ នឹងពង្វាងទឹកពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ
លោកស្រី ដោ សម្ផស្ស បាបបញ្ជាក់ផងដែរថា៖ គម្រោងនេះបានចាប់ផ្តើមអនុវត្ត កាលពីខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងនិងបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕