Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទល្មើសនេសាទ​ក្នុងភូមិ​សាស្ត្រ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក តាំងពីរដូវបិទ រហូតដល់រដូវ​បើកនេសាទវិញ ​សមត្ថកិច្ច​ជំនាញមិនអើពើ​បង្ក្រាប​ (Video Inside)

25-10-2016 13:45

(កំពង់ឆ្នាំង)៖ របាំងសាច់អួនទំនើប ក្រឡាញឹកដាក់ស្ទាក់ចាប់ត្រីលាតសន្ធឹង តាមចរន្តទឹកហូរនៅក្នុងភូមិសាស្ត្រ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទវិញ ដែលមានប្រវែងមួយកន្លែងៗ ចាប់ពី៣០០ម៉ែត្រ រហូតដល់ជាង១,០០០ម៉ែត្រ សមត្ថកិច្ចរដ្ឋបាលជលផល មានភាពកំសោយនៅឡើយក្នុងការបង្ក្រាប។

ជាក់ស្តែង ភ្នាក់ងារFresh News បានចុះផ្ទាល់ថតរូបភាព នៅចំណុចព្រែកស្លាបកុក ខាងជើង និងខាងត្បូងវត្តថ្នល់ឈើទាល រហូតដល់ចំណុចវាលស្រង៉ែ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង របាំងទាំងនេះ មានមិនទាន់ឃើញមានសមត្ថកិច្ចជំនាញ រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការណ៍បង្ក្រាបនៅឡើយទេ។

ប្រជាពលរដ្ឋអ្នករាយមង ចងសន្ទូច នៅតំបន់នោះបានឲ្យដឹងថា របាំងសាច់អួនទំនើបក្រឡាញឹក ដាក់ស្ទាក់ចាប់ត្រី គ្រប់ប្រភេទជាពិសេសត្រីល្អិតៗ (ត្រីនុយ) ដឹកយកទៅលក់ចែកចាយ ធ្វើជាចំណីត្រីឆ្តោ និងត្រីរ៉ស់ ហើយចាប់តាំងពីរដ្ឋាភិបាលអនុញ្ញាតឲ្យ មានការចិញ្ចឹមត្រីឆ្តោឡើងវិញ ដោយប្រើចំណីសិប្បនិម្មិត ក្រុមអ្នករកស៊ីបទល្មើសទាំងនោះ មានលេសចិញ្ចឹមត្រីឆ្តោ ដោយចំណីត្រីល្អិតជាអាហារ ដែលនាំឲ្យមានការដាក់របាំងក្រឡាញឹក ជាពិសេសរបាំងស្បៃមុង មានការកើនឡើង។

ប្រជានេសាទលក្ខណៈគ្រួសារខាងលើ បានបន្តទៀតថា វត្តមានរបាំងណរ៉ាវ ឬរ៉ូយ៉ាល់សាច់អួន ក្នុងឆ្នាំ២០១៦នេះ មានការកើនឡើងដោយសារតែមន្ត្រីជំនាញ បើកដៃក្រោមការទទួលយកលាភសក្ការៈពីក្រុមឈ្មួញ ដោយមានអ្នករត់ការ ឈ្មោះ ណាល់ ឈ្មោះ គៀន និងយាយណុន។

ប្រជានេសាទលក្ខណៈគ្រួសារ បានធ្វើការស្នើសុំសមត្ថកិច្ចជំនាញថ្នាក់លើ ជាពិសេស លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការបង្ក្រាប ឲ្យទាន់ពេលវេលា ដើម្បីការពារធនធានមច្ឆាជាតិ ឲ្យកើនឡើងដើម្បីជាប្រយោជន៍ ប្រជាពលរដ្ឋទាំងអស់គ្នា។

ពាក់ព័ន្ធករណីខាងលើនេះ មន្ត្រីជលផលខេត្តកំពង់ឆ្នាំង បានទទួលស្គាល់ថា ពិតជាមានសកម្មភាពលួចលាក់ ដាក់របាំងពិតប្រាកដមែន ប៉ុន្ដែបានធ្វើការបដិសេធ និងបញ្ជាក់ថា គ្មានក្រុមរត់ការអ្វីនោះទេ៕