(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីដើរឱ្យស្របជាមួយការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ចំពោះកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សធ្វើឡើងដើម្បីឆ្ពោះទៅពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននឹងកំពុងអនុវត្តមិនត្រឹមតែជួយជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវាក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។
ការឱ្យដឹងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា អញ្ជើញបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងព័ត៌មានស្តីពី «ការរាយការណ៍ព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល» សហការរៀបចំដោយក្រសួងព័ត៌មាន និងស្ថានទូតតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីគ្រូបង្គោល និងគ្រូសម្របសម្រួលមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) និងសាជីវកម្មនិងទូរទស្សន៍តួកគីយ៉េ (TRT) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មានមុខងារស្នូលដែលមានភារកិច្ចដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ហើយចំពោះមុខងារគាំទ្រ ក្រសួងព័ត៌មានក៏ជាក្រសួងមួយដែលជួយគាំទ្រទៅលើស្ថាប័នដទៃទៀត។ ដូច្នេះដើម្បីពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន ដែលជាអ្នកផ្តល់ការគាំទ្រទៅលើក្រសួង ស្ថាប័នដទៃនោះគឺត្រូវចាប់ផ្តើមដំបូងពីការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការរបស់ខ្លួនឯងជាមុនសិនតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីអោយកាន់តែមានសមត្ថភាពបន្ថែមទៀត ទៅលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ដល់មន្ត្រីព័ត៌មានឱ្យបានយល់ច្បាស់ថា «ការធ្វើព័ត៌មាន មិនមែនត្រឹមតែធ្វើព័ត៌មានឱ្យតែបាននោះទេ មិនមែនទៅយកព័ត៌មានផ្សព្វផ្សាយ ហើយសរសេរព័ត៌មានត្រឹមតែឃើញនោះទេ ក៏ប៉ុន្តែ ការសរសេរព័ត៌មានរបស់យើងគឺចាំបាច់ណាស់ដែលត្រូវដាក់ជាសំណួរថាតើយើងសរសេរព័ត៌មានដើម្បីអ្វី? តើមានគោលបំណងអ្វី? តើមានផលប្រយោជន៍អ្វីសម្រាប់អ្នកអាន អ្នកស្តាប់របស់យើង? អ្វីដែលសំខាន់ទៀតនោះ នៅពេលដែលយើងផ្សាយចេញទៅវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះនៅក្នុងការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិរបស់យើង»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងពេលបច្ចុប្បន្ននេះ ពេលដែលប្រព័ន្ធទំនាក់ទំនងសង្គមកំពុងរីកចម្រើន ចិត្តគំនិតរបស់ប្រជាជន ផ្លាស់ប្តូរទៅតាមពេលវេលា តាមប្រធានបទ និងទៅតាមបរិបទដែលកើតឡើង។ ដូច្នេះក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវផ្សាយព័ត៌មានពិត ត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋ ក្នុងការគិតពិចារណា និងការទទួលយកការយល់ដឹងជុំវិញបញ្ហាដែលកើតមានឡើង ដើម្បីកុំឱ្យប្រជាជនចាញ់បោក ឬការបោកប្រាស់តាមរយៈការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវពាក់ព័ន្ធជាមួយប្រទេសជាតិ និងបញ្ហាដទៃផ្សេងទៀត។
លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់លទ្ធផលដែលទទួលបានពិតជាមានសារៈសំខាន់ណាស់ដល់សិក្ខាកាមទាំងអស់ ដែលបាននឹងកំពុងបម្រើការងារនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ ជាពិសេសវគ្គនេះនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពរបស់សិក្ខាកាមឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព និងទេពកោសល្យខ្ពស់។ ជាមួយនេះលោកសូមថ្លែងអំណរគុណដល់ស្ថានទូតតួកគីយេ ប្រចាំកម្ពុជា ដែលមានលោកស្រី Ulku Kocaefe ជាតំណាង ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ និងសាជីវកម្ម និងទូរទស្សន៍តួកគីយេ ដែលបានសហការ និងគាំទ្រដល់ដំណើរការរៀបចំវគ្គបណ្តុះបណ្តាលនេះ តាំងពីដើមរហូតដល់ចប់វគ្គ ហើយក៏សូមអរគុណដល់គ្រូបង្គោល និងគ្រូសម្របសម្រួលទាំងអស់ ដែលបានចំណាយពេលវេលាក្នុងការចែករំលែកចំណេះដឹង និងជំនាញដល់សិក្ខាកាមឱ្យទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត។
លោកស្រីឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា បានសំដែងនូវការរីករាយណាស់ដែលបាឃើញអំពីលទ្ធផលវិជ្ជមានជាច្រើនដែលកើតចេញពីការបណ្តុះបណ្តាលនាឱកាសនេះ ហើយមានសារៈសំខាន់សម្រាប់ភាគីទាំងសងខាង តួកគីយេ និងកម្ពុជា។ តាមរយៈនៃវគ្គបណ្តុះបណ្តាលដំបូងនេះគឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ហើយជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងរួមគ្នាកាន់តែច្រើន និងទំនាក់ទំនងកាន់តែច្រើនរវាងមន្ត្រីអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ ពិសេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រព័ន្ធផ្សព្វផ្សាយតួកគីយេ និងកម្ពុជា ។
លោក កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹថា វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» បានប្រព្រឹត្តិធ្វើឡើងដោយជោគជ័យ ហើយបានផ្តល់នូវចំណេះដឹងថ្មី និងជំនាញដល់សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលនិងចែករម្លែកបទពិសិធន៍ពីគ្រូបង្គោលពី TRT ក្នុងរយៈពេល៤ ថ្ងៃកន្លងទៅ ជូនដល់សិក្ខាកាមជាមន្ត្រីរាជការក្រសួងព័ត៌មានចំនួន ៥៦រូប។
ជាការកត់សម្គាល់ដែរថា វគ្គបណ្តុះបណ្តាលនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងក្រសួងព័ត៌មាន និងស្ថានទូតទួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកសម្របសម្រួល និងគ្រូបង្គោលដែលមានបទពិសោធន៍និងជំនាញ មកពីTRT ជាមួយនឹងការជួយគាំទ្រថវិកាពី TIKA បានធ្វើឱ្យវគ្គបណ្តុះបណ្តាលទទួលបាននូវលទ្ធផលល្អជោគជ័យគួរជាទីគាប់ចិត្ត៕